(កំពង់ចាម)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ គឺជាការសម្រេចទៅលើជោគវាសនាដ៏រុងរឿង របស់បងប្អូនដែលបានបន្តមកដល់សព្វថ្ងៃ ខណៈដែលបណ្តាប្រទេសមួយចំនួនផ្សេងទៀត បានរងនូវភាពបរាជ័យ ដោយសង្គ្រាមបង្ហូរឈាមជាតិសាសន៍ខ្លួនឯង ដោយសារតែនយោបាយបាស់បោល និងការមិនស្កប់ស្កល់ជាមួយភាពមានបាន ជាពិសេសដោយសារតែចាញ់បោកការញុះញង់ របស់បរទេស។

ថ្លែងបែបនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកប្រធានគណៈចលនាអញ្ជើញអធិបតី ជាមួយ លោក លន់ លឹមថៃ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាល និង​ប្រកាសទទួលស្គាល់ សម្រួលភារកិច្ច សមាជិក សមាជិការគណៈចលនាសាសនិកឥស្លាមកម្ពុជា ខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកក្រូចឆ្មារ និង​ខេត្តកំពង់ចាម ដែលមានការចូលរួមដោយមហាជនជាសមាជិកសមាជិការគណៈចលនា និង​គណបក្សប្រជាជនកម្ពុជា ប្រមាណ១៤០០នាក់។

លោក អូស្មាន ហាស្សាន់ បានក្រើនរំលឹ​ក​ដល់ សមាសភាពគណៈចលនា ពីសារសៈសំខាន់ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ថា គឺជាការបោះឆ្នោតសំខាន់បំផុត ដែលទាមទារឲ្យបងប្អូនជាសមាសភាពគណៈចលនា បន្តពង្រឹង និងបំផុសបំផុលចលនាមហាជន យុវជន និងពលរដ្ឋគ្រប់រូបឲ្យបានជ្រាប និងយល់​កាន់តែច្បាស់ ព្រោះក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអង្គឆ្នោត ដែលឈានទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបោះឆ្នោតព្រឹទ្ធសភាផងដែរ។

លោក អូស្មាន ហាស្សាន់ បញ្ជាក់ពីគុណបំណាច់ជាច្រើន ដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយក៏ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ហេតុនេះដើម្បីបន្តឲ្យសមិទ្ធិផលនានា កាន់តែដុះឡើងគ្រប់ទិសទី សន្តិភាព​ក៏កាន់តែមានភាពរឹងមាំ លោកប្រធានគណៈចលនា បានរំលឹកនូវការប្តេជ្ញាចិត្តយ៉ាងមុះមត់ ដល់សមាជិក សមាជិការ គណៈចលនាឲ្យរក្សានូវកម្លាំងចាស់ និងបន្ថែមកម្លាំងសមាជិកថ្មី ឲ្យរក្សា​សន្លឹកឆ្នោតមួយសន្លឹករបស់ខ្លួនម្នាក់ៗ គឺជាសន្លឹកឆ្នោតដែលបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូត៕