(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំទាំង១៨ នៃស្រុកបារាយណ៍ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ក្រសួង ថ្នាក់ខេត្ត ស្រុក ឃុំ និងបេក្ខជនក្រុមប្រឹក្សាឃុំ សរុប៥០០នាក់។

បន្ទាប់ពីលោកប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ បានមានមតិស្វាគមន៍ និងអានសេចក្តីណែនាំស្តីពី ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដោយលោកអនុប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍រួចមក លោក ថោង ខុន បានជម្រាបជូនអង្គប្រជុំពីប្រវត្តិមេរៀន និងបទពិសោធន៍ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានរៀបចំ៣អាណត្តិមកហើយ និងការបោះឆ្នោតសកល ដែលមានចំនួន៥លើកមកហើយ ដែលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់។

ដើម្បីឈានទៅសម្រេចជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ
លោក ថោង ខុន បានណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ សហការជាមួយគណបក្សឃុំ សាខាបក្សភូមិ យុវជនភូមិ និងបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ទាំងពេញសិទ្ធ ទាំងបម្រុងឲ្យយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ រួមមាន៖

១៖ បន្តគ្រប់គ្រងសតិអារម្មណ៍នយោបាយសមាជិកបក្ស ដោយត្រូវធានាឲ្យបានថាសមាជិកបក្សម្នាក់ មានសំឡេងឆ្នោត១សន្លឹក ជូនគណបក្សប្រជាជន។
២៖ បន្តការការពង្រីកសមាជិកបក្ស។
៣៖ ខិតខំលើកទឹកចិត្ត និងកៀងគរអ្នកគាំទ្រ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
៤៖ បន្តចុះឲ្យដល់ភូមិជួបប្រជុំជាមួយក្រុមបក្ស គ្រួសារបក្ស និងប្រជាពលរដ្ឋគ្រប់រូប ពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យ ឯកសារបម្រើដល់ការបោះឆ្នោត ឲ្យបានច្បាស់លាស់ ដោយធានាថា សមាជិកបក្ស និងអ្នកគាំទ្រ សុទ្ធតែមានឯកសារគ្រប់គ្រាន់ និងត្រៀមលក្ខណៈសម្បត្តិ ដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណជូនសមាជិកបក្ស និងអ្នកគាំទ្រណាដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណ។
៥៖ យកចិត្តទុកដាក់ផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តសារាចរ និងគោលនយោបាយថ្មីៗទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យបានល្អប្រសើរ។
៦៖ រៀបចំផែនការ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងថវិកា សម្ភារៈ និងមធ្យោបាយ ដើម្បីបម្រើដល់យុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងមកដល់នាថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
៧៖នៅពេលយុទ្ធនាការបោះឆ្នោតត្រូវធ្វើសកម្មភាពឃោសនាឲ្យបានព្រមៗគ្នា និងគោរពឲ្យបានម៉ឺងម៉ាត់តាមកម្មវិធី និងការណែនាំរបស់ គ.ជ.ប។

លោក ថោង ខុន ក៏បានផ្តាំផ្ញើដល់សមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អប់រំដល់ប្រជាពលរដ្ឋ អំពីកត្តាសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវសុខសន្តិភាព និងការអភិវឌ្ឍ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង។

លោក ថោង ខុន ក៏បានឧបត្ថម្ភថវិកាដល់សមាជិកក្រុមប្រឹក្សាឃុំទាំង១៨ ចំនួន៣៣២នាក់ ដោយម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀលផងដែរ៕