(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សខេត្តប្រធានក្រុម ការងារចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលខេត្ត នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ បានលើកឡើងថា គម្រោងទំនប់បង្ហៀរ ក្បាលហុង នឹងជិតដំណើរការសាងសង់ហើយ ស្របពេលដែលប្រជាពលរដ្ឋបាននឹងកំពុងទន្ទឹងរង់ចាំ ការប្រែមុខមាត់ពីស្ពានក្បាល ហុងចាស់ទ្រុឌទ្រោម ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ ដោយមានស្ពានយោល និងទំនប់បង្ហៀរ ដែលអាចរំដោះទឹកជំនន់ ចេញពីក្រុងពោធិ៍សាត់ បានយ៉ាងងាយស្រួល ជាពិសេសអាចទប់ទឹកក្នុងរដូវប្រាំង សម្រាប់ប្រើប្រាស់ ជាប្រយោជន៍ ទៅដល់បងប្អូនប្រជាកសិករ និងបម្រើដល់វិស័យទេសចរណ៍ផងដែរ។

ការលើកឡើងរបស់លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាស ជួបសំណេះសំណាល និងនាំយកអាវ មួក ដែលមានរូបសញ្ញាទេវតាបាចផ្កា ទៅចែកជូនដល់ប្រធាន អនុប្រធានក្រុមបក្ស របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់ព្រៃញី និងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជិត២ពាន់នាក់ និងបន្តបញ្ចប់១សង្កាត់ទៀត សម្រាប់ពាក់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ។

លោកក៏បានជម្រាបជូនថា បច្ចុប្បន្ននេះសង្គមជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូននូវសមិទ្ធផលជាច្រើនដូចជា៖ សំណង់ធារាស្ត្រខ្នាតធំ ២កន្លែង គឺទំនប់ទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ ដែលមានលទ្ធភាពរក្សាទឹកទុកបានជាង ៥០លានម៉ែត្រគូប, សំណង់ធារាស្ត្រខ្នាតមធ្យម ១៥កន្លែងទៀត, ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅដល់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ ដែលមានប្រវែងជាង១៨៥គីឡូម៉ែត្រ និងផ្លូវលំជនបទក្រាលកៅស៊ូ មានប្រវែង១២៥,៥គីឡូម៉ែត្រ ក្រៅពីនោះនៅមាន សមិទ្ធផលផ្សេងៗជាច្រើនទៀត។

លោក ម៉ៅ ធនិន បានទទួលស្គាល់ថា ការគ្រប់គ្រងដឹកនាំ ចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតទៅដល់ថ្នាក់លើ តែងតែមានការខ្វះចន្លោះ មិនអាចអនុវត្តបានល្អទាំងស្រុងនោះទេ តែទោះជាយ៉ាងនេះក៏ដោយ យើងត្រូវតែរួមគ្នាធ្វើការដោះស្រាយ រួមគ្នាអភិវឌ្ឍន៍ ទើបធ្វើឱ្យសង្គមជាតិមានការរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ។

លោកបានលើកឡើងថា «ជាទម្លាប់គណបក្សប្រជាជនកម្ពុជា មិនដែលភ្លេចពាក្សសន្យារបស់ខ្លួននោះទេ បើសន្យាអ្វីមួយត្រូវតែ ជួយភ្លាមៗ មិនដូចគណបក្សនយោបាយខ្លះ សន្យានេះ សន្យានោះ មិនដែលជួយដល់ប្រជាពលរដ្ឋម្តងណាឡើយ គឺមានតែប្រឆាំង និងរារំាងមិនឱ្យមានការអភិវឌ្ឍន៍»។

លោកបានផ្ញើទំនុកចិត្ត និងមានជំនឿជឿជាក់ថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទូទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ពិតជាបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យឱ្យបាន១០០% ជាក់ជាមិនខាន។

ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០ម៉ឺនរៀល សម្រាប់ជួសជុលផ្លូវដីស នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ប្រវែង៦០០ម៉ែត្រ និងបន្តចុះពិនិត្យការដ្ឋានសាងសង់អាគារសិក្សា និងទីចាត់ការ នៅសាលាបឋម និងអនុវិទ្យាល័យ កែវ សុវណ្ណ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោក សែម សុវណ្ណនី និងលោក ឱប សៀង ផងដែរ៕