(ព្រះវិហារ)៖​ នាយឧត្តមសេនីយ៍ មាស សុភា ស​មាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ បានថ្លែងថា វីរៈជនពិតប្រាកដដែលស្នេហាជាតិ​ មិនមែនអ្នកដែលដើរ ស្រែកជំទាលជេរ​គេឯងនោះទេ​ វីរៈជនពិតប្រាកដ​ គឺបងប្អូនអតីតយុទ្ធជនរបស់យើង​ មិនបាច់ដើររកនោះទេ។

ការថ្លែងបែបនេះ ​ធ្វើឡើងក្នុងពិធីអបអរសារទរខួបលើកទី១០​ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ២០០៧-​២១ មិថុនា ២០១៧ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រី​រាជការ ថ្នាក់ដឹកនាំសមាគន៍ ​អតីតយុទ្ធជន​ជាច្រើនរួបទៀត។

​នាយឧត្តមសេនីយ៍ បានលើកឡើងថា ​កន្លងមកមានការយល់ច្រឡំខ្លះ ដោយអ្នកខ្លះ​ គ្រាន់តែដើរស្រែកជេរ​គេ​ ជេរឯង ត្រូវបានគេលើកតម្កើន ថាជាវីរៈជន​ ជាអ្នកស្នេហាជាតិ​ ត្រង់ចំណុចនេះ លោកសូមធ្វើការបដិសេធ​​ថា វីរៈជនស្នេហាជាតិ ពិតប្រាកដគឺបងប្អូនអតីតយុទ្ធជន​នេះហើយ​ មិនបាច់រកឯណាឆ្ងាយនោះទេ​ ព្រោះបងប្អូនអតីតយុទ្ធជន បានលះបង់សាច់ស្រស់ឈាមស្រស់​ ក្នុងបុព្វហេតុជាតិមាតុភូមិ​ រហូតអ្នកខ្លះបានពលីជីវិត និងក្លាយជាជនពិការរហូតមកដល់សព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ មាស សុភា បន្ថែមថា ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា​ គឺសម្តេចមានការគិតគូរខ្លាំងណាស់ ចំពោះសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជ​នរបស់យើងគ្រប់ទីកន្លែងរាជធានី-ខេត្ត ដោយក្នុងនោះរាជរដ្ឋាភិបាល បានតំឡើងប្រាក់បៀវត្តន៍ជូន​ មានការបើកប្រាក់បៀវត្តន៍ទៀងទាត់ តាមរយៈធានាគារ​ផ្តល់ដី និងធ្វើផ្ទះជូនគ្រួសារអតីតយុទ្ធជន ដែលក្រីក្រជួបការលំបាកទៀតផង។

​​នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់​ថា សមាគមន៍អតីតយុទ្ធជនកម្ពុជា គឺជាសមាគមន៍ឯករាជ្យ​ មិនប្រកាន់និន្នាការនយោបាយនោះទេ​ គឺត្រូវទទួលបានការគិតគូរយកចិត្តទុកដាក់ដូចៗគ្នាទាំងអស់។

ជាមួយគ្នានោះ លោក​បានធ្វើការកោតសរសើរ ដល់សមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ​ ពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្ត​ ដែលបានគិតគូរយកចិត្តទុកដាក់ ដោះស្រាយការលំបាក របស់បងប្អូនបានទាន់ពេលវេលា៕