(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការ​ងារចុះជួយ​ឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានការស្រឡាញ់គាំទ្រពីរាស្រ្តយ៉ាងខ្លាំង ដោយសារបានធ្វើអំពើល្អ និងជួយរាស្រ្តទូទៅពេលជួបការលំបាក គ្រប់កាលៈទេសៈ។ ជាមួយគ្នានេះសកម្មជនរបស់បក្ស ត្រូវធ្វើយ៉ាងណា បង្ហាញពីលទ្ធផលការងារ ដែលក្រុមការងារបានកសាងសមិទ្ធិផលជាច្រើន ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ។

លោកបានថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពិធីប្រជុំត្រួតពិនិត្យប្រចាំ ខែមេសា ឆ្នាំ២០១៧ ដើម្បីពង្រឹងថ្នាក់ដឹកនាំបក្ស មូលដ្ឋាន សាខាបក្សភូមិ សកម្មជនបក្ស នៅទីស្នាក់ការបក្សឃុំអូតាគី ស្រុកថ្មគោល ព្រមទាំងនាំយកអំណោយមនុស្សធម៌សម្តេចក្រឡាហោម ស​ ខេង ចែកជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា «បេក្ខភាពឃុំទាំង២ និងក្រុមការងារយើងត្រូវចុះធ្វើសកម្មភាព ការងារបក្ស​នៅតាម​ខ្នងផ្ទះ បង្កើនភាពស្និទ្ធស្នាលជាមួយពួកគាត់ ដោយនិយាយពីគុណសម្បត្តិរបស់ CPP មានស្នាដៃក្នុងការរំដោះប្រទេសជាតិ កសាងសមិទ្ធិផលជាច្រើន សន្ធឹកសន្ធាប់ជូនប្រជាពលរដ្ឋមូលដ្ឋានភូមិឃុំទាំង២ និងតាមរយៈចុះចែកអំណោយមនុស្សធម៌ ដល់ជនចាស់ជរាឥតទីពឹង ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយក្មេងកំព្រាជាដើម»។

លោកបានបន្តថា ក្រុមសកម្មជនយើងទាំងអស់ត្រូវហ៊ានវាយបកភ្លាមៗ ទៅពាក្យឃោសនាបក្សប្រឆាំង ដែលនិយាយបំភ្លើសអាក្រក់ពី CPP យើងខុសពីការពិត ព្រមទាំងធ្វើការបកស្រាយភ្លាមៗ ផងដែរ។ បន្ទាប់ពីប្រជុំដោះស្រាយកិច្ចការនានាក្នុងមូលដ្ឋានរួច លោកប្រធានក្រុមការងារ បានដឹកនាំបេក្ខភាពក្រុមប្រឹក្សាឃុំទាំង២ ចុះមូលនិធិមនុស្សធម៌ ស ខេង ដល់ស្រ្តីទើបសម្រាលកូនរួច និងគ្រួសារមរណៈចំនួន៦៩នាក់ ក្នុងម្នាក់ៗទទួលបាមចំនួន២០ម៉ឺនរៀល។ ស្រ្តីសម្រាលកូនចំនួន៥៥នាក់ ទទួលបានឃីដ១កញ្ចប់ ជារបស់ប្រើប្រាស់កូនងាមាន៦មុខ។

ក្នុងកិច្ចប្រជុំនោះដែរ លោកប្រធានក្រុមការងារបានជូនថវិកាដល់សកម្មជនបក្សមូលដ្ឋានក្នុងឃុំទាំ២ ចំនួន៧៤នាក់ ម្នាក់ៗទទួលបាន២ម៉ឺនរៀល សរុបចំណាយអស់ចំនួន១៥លាន២សែនប្រាំបីម៉ឺនរៀល។ បន្ទាប់ពីបានថ្លែងអំណរគុណហើយ ពួកគាត់ក៏បានប្តេជ្ញាចិត្តផងដែរថា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីដណ្តើមជ័យជម្នះជូន​គណបក្សប្រជាជនកម្ពុជាអាណត្តិ​ក្រុម​ប្រឹក្សាឃុំ សង្កាត់នាដើមខែមិថុនា​ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខនេះ បានដឹកនាំប្រទេសជាតិបន្តទៀត និងបន្តកសាង​និងអភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យកាន់តែរីកចម្រើន​បន្ថែមទៀតនិង​បានទទួល​សុខសន្តិភាព​រៀងរហូតដល់កូនចៅជំនាន់ក្រោយ៕