(ភ្នំពេញ)៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ​ប៉ា ​សុ​ជាតិ​វង្ស ​បាន​បញ្ជាក់​បន្ថែម​តាម​ទូរស័ព្ទ​ប្រាប់​អង្គភាព​ព័ត៌មាន ​Fresh ​News ​ឲ្យដឹង​នៅ​រសៀល​ថ្ងៃទី០៦ ​ខែឧសភា ​ឆ្នាំ២០១៧នេះ​ ​ដោយ​លោក​សូម​អំពាវនាវ​ដល់​យានដ្ឋាន​ជួស​ជុ​សរ​ថ​យន្ត ​និង​ឃ្លាំង​ស្តុ​បទំ​និញ​ធំៗ​ស្ទើរ​ដូច​រោងចក្រ ​គួរ​ពិចារណា​រៀបចំ ​ទីតាំង​ចេញទៅ​ក្រៅក្រុង​ភ្នំពេញ ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​។

លោក ​ប៉ា ​សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់ឲ្យដឹង​ថា ​បច្ចុប្បន្ន​នេះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជ្រោយ ​និង​ក្រៅក្រុង​មាន​ភាពល្អ​ប្រសើរ ​ច្រើន​ហើយ ​ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ​ក៏ដូចជា​ភាព​ណែន​តាន់តាប់​តាម​ដង​តូច​ធំ​, ​ការបំផ្លាញ​ផ្លូវ​សាធារណៈ​ដោយសារតែ​រថយន្ត ​កុង​តឺន័​រ​ធំៗ​ដឹកទំនិញ​ចូល​ទៅ​ដាក់​ក្នុង​ឃ្លាំង​។ ​ហេតុនេះ​សូម​អំពាវនាវ​ដល់​យានដ្ឋាន​ជួស​ជុ​សរ​ថ​យន្ត ​និង​ឃ្លាំង ​ស្តុ​បទំ​និញ​ដែល​មាន​គ្រឿង​ចក្រ​ធំៗ​ស្ទើរ ​ដូច​រោងចក្រ ​គួរ​ពិចារណា​រៀបចំ​ទីតាំង​ចេញទៅ​តំបន់​នៅ​ក្រៅក្រុង​។ ​ព្រោះ​ការរៀបចំ​នៅ​ក្រៅក្រុង​នេះ​អាច​ជួយ ​សម្រួល​បញ្ហា​ចរាចរណ៍​នានា​តាមផ្លូវ​។

លោកបានបន្តថា ការរៀបចំទីតាំងយានដ្ឋានជួសជុសរថយន្ត និងឃ្លាំងស្តុបទំនិញធំៗនៅក្រុងនេះ ក៏ដូចជាការចូលរួមលើកកំពស់សោភណ្ឌភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរក្នុងរាជធានីភ្នំពេញ។

ការថ្លែងអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់ នៅចំណុចរង្វង់មូលគួរស្រូវ ព្រំប្រទល់ខណ្ឌដង្កោ និងខេត្តកណ្តាល បន្ទាប់ពីបញ្ចប់សម្ពោធដាក់ឲ្យប្រើប្រាស់ ឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តគោកអំពិល ក្នុងសង្កាត់ជើងឯក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ។ តែយ៉ាងណាក៏ដោយ អភិបាលរាជធានីភ្នំពេញរូបនេះ មិនទាន់បានបង្ហើបឲ្យច្បាស់ថា តើពេលណាដែលត្រូវឲ្យមានការផ្លាស់ប្តូរ យានដ្ឋាន ជួលសជុលរថយន្ត និងឃ្លាំងស្តុបទំនិញទាំងនេះឡើយ។

ជា​ការ​កត់សំគាល់ ​កំណាត់ផ្លូវ​ជាច្រើន​ខ្សែ ​ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​កកស្ទះ​ជា​រៀងរាល់ថ្ងៃ ​ដោយសារតែ​រថយន្ត​កុងតឺន័រ ​សណ្តោង​កន្ទុយ​បាន​ដឹកទំនិញ ​ចូល​មក​ក្នុង​ក្រុង ​ហើយ​យានដ្ឋាន​ជួសជុល​រថ​យន្ត​ធំៗ​ជាច្រើន ​ក៏បាន​ធ្វើឲ្យ​កកស្ទះ​​ចរាចរណ៍ ​ដោយសារតែ​កំណើន​នៃ​ការ​ជួសជុល​រថយន្ត​របស់ ​ប្រជាពលរដ្ឋ​៕