(ស្ទឹងត្រែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ បានពាំនាំយកថវិកា និងគ្រឿងបរិភោគ ជាច្រើនមុខ ទៅឧបត្ថម្ភដល់គ្រួសារស្ត្រីក្រីក្រ និងមានជំងឺប្រចាំកាយ នៅក្នុងមូលដ្ឋាន ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ការផ្តល់ជំនួយនេះក៏បានធ្វើឡើង ក្រោយពីស្ត្រីកសិករក្រីក្រមួយគ្រួសារ បានដង្ហោយហៅសុំរកការសណ្តោសប្រោសប្រណីពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គ្រាដែលស្ត្រីនោះ បាននឹងកំពុងធ្លាក់ខ្លួនមានជំងឺជាទម្ងន់ ហើយជំងឺនោះគ្រូពេទ្យបាននិយាយថា ត្រូវតែវះកាត់ទើបឆ្លងផុតពីគ្រោះថ្នាក់បាន និងស្របពេលដែលស្ត្រីមានវ័យជាង ៦០ឆ្នាំនោះ កំពុងធ្លាក់ខ្លួនឈឺ មានជីវភាពខ្វះខាត និងទទួលបន្ទុកចិញ្ចឹមចៅកំព្រាជាច្រើននាក់ទៀត។

ស្ត្រីក្រីក្រដែលកំពុងមានជំងឺប្រចាំកាយនោះ ត្រូវគេស្គាល់ ឈ្មោះឡុង គឹមហ៊ន មានអាយុ៦៥ឆ្នាំ និងមានប្តីជាមន្ត្រីសោធននិវត្ត ឈ្មោះដួង ក មានវ័យជិត៧០ឆ្នាំ មានចៅកំព្រាប្រុសស្រីជាច្រើននាក់ រស់នៅក្នុងបន្ទុក ក្នុងមូលដ្ឋាន ភូមិ សង្កាត់ខាងលើ។

ស្ត្រីវ័យចំណាស់ ឡុង គឹមហ៊ន លោកស្រីងើបអង្គុយ និងនិយាយបានបន្តិចបន្តួច បានប្រាប់ឲ្យដឹងថា លោកស្រីបានធ្លាក់ខ្លួនឈឺជាច្រើនខែមកហើយ និងនៅពេលថ្មីៗនេះទៀត បានចូលទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង បានចំនួន៤យប់ ហើយក៏បានវិលត្រឡប់ មកកាន់លំនៅដ្ឋានវិញ បន្ទាប់ពីគ្រូពេទ្យបង្អែកខេត្តនេះ បានប្រាប់ថាខ្លួនគាត់មានជំងឺដុះពកសាច់ក្នុងថ្លើម ហើយគ្រូពេទ្យតម្រូវឲ្យគាត់ធ្វើការវះកាត់ នៅឯមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ព្រោះមន្ទីរពេទ្យខេត្ត គ្មានលទ្ធភាពព្យាបាលនោះទេ។

លោកស្រីថា នៅពេលនោះលោកស្រីបានបង្ហាញបណ្ណក្រីក្រដល់មន្ទីរពេទ្យ ដើម្បីបានធ្វើការព្យាបាលដោយឥតគិតកម្រៃ ប៉ុន្តែ បណ្ណក្រីក្រនោះបានផុតកំណត់ប្រើប្រាស់ទៅហើយ និងលោកស្រីមិនបានយកទៅសុំបន្តនោះទេ ពេលក្រុមមន្ត្រីជំនាញចុះ ធ្វើបន្តនោះ លោកស្រីកំពុងមានជំងឺជាទម្ងន់។

ក្រុមគ្រួសារ និងលោកស្រីផ្ទាល់ បាននិយាយថា នៅពេលនេះពួកគាត់នៅសល់តែក្តីអស់សង្ឃឹមតែប៉ុណ្ណោះ ហើយបានលើកដៃសំពះអង្វរ សុំក្តីមេត្តា រកការសណ្តោសប្រោសប្រណី ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាឪជាម៉ែ សូមសម្តេចទាំងពីរមត្តាជួយដល់កូនចៅ នៅពេលដែលកំពុងជួបនូវវិបត្តិដោយជំងឺដ៏ធ្ងន់ធ្ងរ មានជីវភាពរកព្រឹកខ្វះល្ងាច និងបន្ទុកដ៏ធំមួយទៀត គឺការចិញ្ចឹមចៅកំព្រា ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺលោកស្រី មានបំណងចង់ទទួលបានសេវាព្យាបាលជំងឺ ឲ្យបានជាសះស្បើយ។

លោក សាយ ព្រលឹង នាយកប្រតិបត្តិសាខាកាកបាទក្រហម ខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា គោលដៅរបស់កាកបាទក្រហម គឺជួយដល់ជនរងគ្រោះទូទៅដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះទេ ឲ្យតែឃើញថាក្រីក្រជាក់ស្តែង គឺធ្វើទាំងអស់។ លោកបានបន្តថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបានចាត់ទុកថា បញ្ហាមនុស្សធម៌ គឺជារឿងសំខាន់ និងត្រូវបានយកចិត្តទុកដាក់បំផុត ហើយក៏មិនមែនត្រឹមតែលើកកំពស់តម្លៃមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងបានគិតគូរពីបញ្ហាសុខភាព និងសហគមន៍ថែមទៀត។

លោកថា នៅរយៈកាលកន្លងមក កាកបាទក្រហមកម្ពុជា បានធ្វើរឿង៣ធំៗទៅលើគ្រោះមហន្តរាយធម្មជាតិ មានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងភ្លើងឆេះផ្ទះនោះផងដែរ។ ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ និងផ្តល់សិទ្ធិអាទិភាព ទៅលើខេត្តភាគឦសានប្រទេស ដោយ ចំណាយលើការជីកអណ្តូងទឹក ជូនប្រជាពលរដ្ឋក្រីក្រ និងសំរាប់ខេត្តស្ទឹងត្រែង អណ្តូងទឹកជាង១០០ហើយ ត្រូវបានជីក និង ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅតាមទីជនបទដាច់ស្រយាលជាដើម៕