(កណ្ដាល)៖ លោកឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ អគ្គនាយរង នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ចុះពិនិត្យការងារស្ថាបនា ផ្លូវក្រវ៉ាត់ព្រំដែន ក្អមសំណ-បាក់ណាម ស្ថិតក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ និងឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។ ការចុះពិនិត្យការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី មន្ដ្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក បានកើនរំលឹកដល់កងកម្លាំងវិស្វកម្មទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ ពង្រឹងគុណភាព សោភ័ណ្ឌភាព ក្នុងការសាងសង់ដើម្បីជាគុណប្រយោជន៍ជូន ប្រជាពលរដ្ឋ ជូនជាតិមាតុភូមិ និងកិត្យានុភាពជាតិផងដែរ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍​ឯក ឈន សារ៉ាណេ បានបន្ដចុះពិនិត្យមើលទីស្នាក់ការនគរបាលវិរៈការពារព្រំដែន និងកងអនុសេនាតូចលេខ៣ នៃយុទ្ធភូមិភាគពិសេស ដែលមានសភាពចាស់ទ្រុធទ្រោមខ្លាំង ស្ទើមិនអាចស្នាក់នៅ និងធ្វើការបាន ហើយទើបលោក បានបរិច្ចាកថវិកាផ្ទាល់ខ្លួន សម្រាប់សាងសង់អគារទាំង៣ឡើងវិញ ដែលសាងសង់ជាបេតុងថ្មីតែម្ដង។

ក្នុងនោះ លោក បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ជាទ្រឹស្ដីថា «កុំប្រព្រឹត្តបទល្មើស» ហើយកាត់កងនឹងវីរៈភាពដែលខ្លួន​បានសាងស្នាដៃជូនជាតិមាតុភូមិ៕