(​ញូវយ៉ក)៖ តារាចម្រៀង Ellie Goulding ដែលគេស្គាល់ថា ជាម្ចាស់បទ «Love Me Like You Do» ពេញនិយមជុំវិញពិភពលោក​នោះ បានអញ្ជើញចូលរួម កម្មវិធីទទួលស្វាគមន៍​សមាជិកថ្មី ស្រឡាងរបស់ក្រុមហ៊ុន រថយន្ដម៉ាក Land Rover គឺម៉ូដែល Range Rover Velar និង​ធ្វើជា​អ្នកបើក រថយន្ដ Range Rover Velar មុនដំបូងគេបង្អស់ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ខែមេសា កន្លងទៅ។

Ellie បាននិយាយ ទៅកាន់អ្នកគាំទ្រ របស់នាងថា «ខ្ងុំតែងតែក្លាយជាអ្នកគាំទ្រ របស់រថយន្ដ​ម៉ាក Land Rover គ្រប់ម៉ូដែល ហើយខ្ញុំពិតជាមាន​អារម្មណ៍ រំភើបយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីនេះ និងពិតជាមានសំណាង​មែនទែន ដែលក្លាយជាអ្នក​បើករថយន្ដ Range Rover Velar ដំបូងគេ ក្នុងទីក្រុងរស់រវើកមួយនេះ។ អ្វីដែលពិសេសមួយទៀត គឺបានចូលរួមជួយសង្គម ដើម្បីជួយឲ្យក្មេងក្រីក្រ មានជីវិតល្អប្រសើរជាង ១០០០០នាក់ ក្នុងមួយឆ្នាំៗ ដែលស្ថិតនៅទីក្រុងមួយ ក្នុងចំណោមទីក្រុងដែលខ្ញុំចូលចិត្ត​»

គួរបញ្ជាក់ផងដែរថា រថយន្ដម៉ាក Land Rover បានទទួលស្វាគមន៍ សមាជិកថ្មីរបស់ខ្លួន ម៉ូដែល Range Rover Velar នៅទីក្រុងញូវយ៉ក ហើយក៏បានបរិច្ចាគ រថយន្ដ Range Rover Velar មួយគ្រឿង ដើម្បីដាក់លក់ដេញថ្លៃ នៅក្នុងកម្មវិធីសប្បរសធម៌ «East Side House Settlement Charity Gala» សម្រាប់ជួយ​ដល់អង្គការ The East Side House Settlement ជាអង្គការមិនមែន​រដ្ឋាភិបាល ដែលជួយផ្ដល់ការអប់រំឥតគិតថ្លៃ និងជួយសកម្មភាព​ជួយសង្គមផ្សេងៗទៀត នៅភាគខាងជើង​នៃតំបន់ Manhattan គឺខណ្ឌ Bronx ក្នុងទីក្រុងញូវយ៉ក​។

Range Rover Velar ត្រូវបានរចនាឡើង ដើម្បីបំពេញចន្លោះរវាង Range Rover Evoque និងRange Rover Sport។ រថយន្ដមួយនេះ នឹងនាំមកនូវភាពរំភើប មិនធ្លាប់មានពីមុនមក ជាមួយយការរចនាយ៉ាង​ឆើតឆាយ និងទំនើប ទៅឲ្យគ្រួសារ Range Rover។

លោក Gerry McGovern ប្រធានផ្នែករចនាម៉ូត របស់ Land Rover បាននិយាយថា «Velar​កំពុងតែទាក់ទាញចំណាប់​​អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរចនាដ៏ឈានមុខគេ ទាំងកំលាំងខ្លាំង រាងសង្ហាឥតខ្ចោះ និងបច្ចេកវិទ្យាទំនើប។ Velar នឹងបន្ដធ្វើឲ្យប្រវត្តិសាស្ត្ររបស់ Range Rover ជាឈ្មោះតំណាងឲ្យ​ការច្នៃប្រឌិតខ្ពស់ បច្ចេកវិទ្យាទំនើបដាច់គេ និងការរចនា ដ៏គួរឲ្យទាក់ទាញបំផុត​»

ព័ត៌មានពីក្នុងប្រទេសកម្ពុជា យើងបានឲដឹងថា រថយន្តម៉ូដែលថ្មី ស្រឡាង Range Rover Velar នេះ នឹងត្រូវបានទទួលការនាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាទទួលបាន​ការផ្តល់សិទ្ធិផ្តាច់មុខ ពីសំណាក់រោងចក្រ Jaguar Land Rover ផ្ទាល់នៅចក្រភពអង់គ្លេស និងទទួលស្គាល់ជាផ្លូវច្បាប់ ពីសំណាក់អជ្ញាធរក្រសួងពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានអគារតាំងលក់ រថយន្តម៉ាក Jaguar និង Land Rover នៅឯ #264A មហាវិថីសហព័ន្ធរុស្សី ទូរស័ព្ទលេខ 023 888 811​៕