(កណ្តាល)៖ ប្រជាពលរដ្ឋក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ដែលធ្លាប់តែលំបាកក្នុងការធ្វើដំណើរ​ព្រោះផ្លូវមិនល្អនោះ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ បានសម្តែងក្តីរីករាយ និងត្រេកអរខ្លាំង បន្ទាប់ពីពួកគេ​ទទួលបានផ្លូវបេតុងថ្មីមួយខ្សែប្រវែងជិត ១គីឡូម៉ែត្រ។ ក្រុមប្រជាពលរដ្ឋបានចាត់ទុកផ្លូវនេះ គឺជាចំណែកដ៏សំខាន់មួយ​នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ត្បិតផ្លូវនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ជាពិសេសការដឹកកសិផលទៅកាន់ទីផ្សារតែម្តង។

ផ្លូវបេតុងមួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់ឡើងនៅព្រឹកថ្ងៃនេះ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារក្នុងស្រុកកោះធំ មកពីគណបក្សប្រជាជនកម្ពុជា។ មន្រ្តីគណបក្សស្រុកកោះធំ បានឲ្យដឹងថា ថវិកាសម្រាប់សាងសង់ផ្លូវបេតុងមួយខ្សែនេះ គឺបានមកពីក្រុមការងារគណៈពង្រឹងស្រុកកោះធំ ដែលមានលោក ស៊ុន ចាន់ថុល ជាប្រធាន។

ស្រុកកោះធំ បើទោះពីជាដែនដីមួយឆ្ងាយពីរាជធានីភ្នំពេញយ៉ាងណាក្តី តែគេបានសង្កេតឃើញថា ផ្លូវនៅតាមបណ្តាឃុំ​មួយចំនួនក្នុងស្រុកនេះ ត្រូវបានប្រែក្លាយពីផ្លូវលំគ្រួសក្រហមទៅជាផ្លូវបេតុង ដែលបង្កការងាយស្រួលយ៉ាងខ្លាំង​សម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងការប្រកបរបរចិញ្ចឹមជីវិត។

ជាមួយនិងការទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីនាព្រឹកមិញនេះ ក្រុមប្រជាពលរដ្ឋក្នុងឃុំជ្រោយតាកែវ សុទ្ធតែបានបង្ហាញ​ក្តីរីករាយ និងត្រេកអរ។ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងភូមិរបស់គាត់តាំងពីដើម​មកមិនដែលមានលផ្លូវចាក់​ស៊ីម៉ង់តិ៍បែបនេះឡើយ គឺមានតែផ្លូវដី ហើយជួបការលំបាកសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ។

ពួកគាត់លើកឡើងថា នៅរដូវភ្លៀងបែកភក់ ហើយរដូវប្រាំងដីហ៊ុយជាខ្លាំង។ ក្រុមប្រជាពលរដ្ឋរំពឹងថា ក្រោយពេលផ្លូវបេតុង​សាងសង់រួចរាល់ ពួកគាត់លែងជួបការលំបាកដូចពេលមុនទៀតហើយ។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងនាព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល បានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ។

លោក ស៊ុន ចាន់ថុល បានថ្លែងគូសបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងដើម្បី​ប្រជាពលរដ្ឋនេះ គឺមិនចង់បានអ្វីតបស្នងមកវិញ ក្រៅតែពីសុំឲ្យប្រជាពលរដ្ឋបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានកសាងប្រទេស អភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

ឆ្លើយតបនិងការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រុមប្រជាពលរដ្ឋ បានលើកឡើងថា នៅក្នុងមូលដ្ឋាន​របស់គាត់មិនដែលឃើញមានគណបក្សណាផ្សេងទៅអភិវឌ្ឍន៍នោះឡើយ ដូចជាផ្លូវនេះជាដើម។ គាត់ថា មានតែ​គណបក្សប្រជាជនកម្ពុជា និងក្រុមការងារលោក ស៊ុន ចាន់ថុល តែប៉ុណ្ណោះចុះទៅអភិវឌ្ឍន៍ និងតែងតែយកចិត្តទុកដាក់​លើសុខទុក្ខ និងផលលំបាក ហើយតែងជួយដោះស្រាយរាល់បញ្ហា។

នៅព្រឹកមិញនេះ ក្រៅពីការផ្តល់ផ្លូវបេតុងហើយនោះ លោក ស៊ុន ចាន់ថុល បានបន្តទៅជួយសាងសង់ផ្លូវលំប្រវែង ១គីឡូម៉ែត្រ​មួយខ្សែទៀត ជូនប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍បានផងដែរ។ ក្រៅពីការផ្តល់ផ្លូវលោក ស៊ុន ចាន់ថុល ក៏បានសំណេះសំណាល និងផ្តល់លេខទូរស័ព្ទឲ្យប្រជាពលរដ្ឋទាក់ទងស្វែងរកការអន្តរាគមន៍ក្នុងការងារបន្ទាន់ផ្សេងៗ៕