(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង​នឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា ក្នុងការអនុវត្តការងារប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាល និងការឆ្លងជំងឺអេដស៍ អាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ នៅខ្វះខាតថវិកា​​ប្រមាណ៤លានដុល្លារទៀត ក្នុងមួយឆ្នាំៗ ក្នុងរយៈកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បើទោះបីជាទទួល​បានថវិកាបដិភាគ ពីរាជរដ្ឋាភិបាល​កម្ពុជាប្រមាណ ៤លាន៥សែន​ដុល្លារ សម្រាប់រួមចំណែកទិញឱសថ ប្រឆាំងនឹងមេរោគអេដស៍ក្ដី។

ការថ្លែងបែបនេះ របស់​ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ គឺក្នុងឱកាសដែលលោកបានចូលរួម ក្នុង​កិច្ចប្រជុំពិគ្រោះយោបល់ របស់សហគមន៍ និងសង្គមស៊ីវិល លើសេចក្ដីព្រាង​គម្រោង ស្នើសុំថវិកា​មូលនិធិសកល សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលបានធ្វើឡើង​ នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារ ហ៊ីម៉ាវើរី ដោយមានការចូលរួម ពីតំណាងអង្គការជាដៃគូ និងតំណាងមកពីសហគមន៍ នានាជាច្រើន។

លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានថ្លែងឲ្យដឹងទៀតថា ជោគជ័យដែលកម្ពុជា​ទទួលបាន ទាំងការ​ប្រយុទ្ធនឹងជំងឺអេដស៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានធ្វើឲ្យដំណាក់កាលចុងក្រោយ នៃការលុបបំបាត់ការឆ្លង​មេរោគអេដស៍ កំពុងស្ថិតក្នុងស្ថានភាពអន្តរកាល។ ជំនួយពីដៃគូអភិវឌ្ឍ​បានបន្តធ្លាក់ចុះ ក្នុងពេលដែលរដ្ឋា​ភិបាល​ កំពុងពង្រឹងភាពជាម្ចាស់ តាមរយៈការផ្ដល់​ថវិកាបដិភាគ ចំនួន៣លាន៧សែនដុល្លារ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ សម្រាប់រួមចំណែកទិញ​ឱសថ ប្រឆាំង​នឹងមេរោគអេដស៍ និងបានឯកភាពជាគោលការណ៍ ក្នុងការផ្ដល់ជាបន្ត ចំនួន៤លាន៥សែនដុល្លារ សម្រាប់រយៈពេល២ឆ្នាំ ពី​២០១៨ ដល់ឆ្នាំ២០២០ ខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តី​ បានបន្តទៀតថា បើទោះបីជាមានការរួមចំណែក ពីរាជរដ្ឋាភិបាលក៏ដោយ ក៏តាមការប៉ាន់ប្រមាណ យើងនៅខ្វះថវិកាប្រមាណ​ ជា៤លានដុល្លារទៀត ក្នុងមួយឆ្នាំ ក្នុងការអនុវត្តការងារប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាល និងការឆ្លងជំងឺអេដស៍។ ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ លោកបានដឹកនាំ និងកៀរគរ ឲ្យមានការប្រមូលថវិកា ដើម្បីអនុវត្តការងារ ប្រយុទ្ធនឹងជំងឺអេដស៍នៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ ដែលពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមុខងារសាធារណៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងផែនការ ជាដើម។ ក្នុងនោះឃុំសង្កាត់ ​ដែលជារដ្ឋបាលថ្នាក់​ក្រោមជាតិ នឹងដើរតួនាទីកាន់តែសកម្ម នៅពេលដែលជំនួយ​ពីដៃគូអភិវឌ្ឍ ដល់អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជាត្រូវបានបញ្ចប់។

យ៉ាងណាមិញ ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា នៅចំពោះមុខនឹងបញ្ហាខ្វះខាត​ថវិកានេះ លោកបានស្នើឲ្យអ្នកពាក់ព័ន្ធ ក្នុងការពិភាក្សាពីគ្រោះយោបល់ រវាងសហគមន៍ និងអង្គការសង្គមស៊ីវិល លើសេចក្ដីព្រាងគម្រោង​ ស្នើសុំថវិកាថ្មី សម្រាប់មូលនិធិសកល ពិនិត្យ និងសម្របសម្រួល​បន្ថែមទៀត ជាមួយនឹងអ្នកជំនាញ ក្នុងការរៀបចំគម្រោងថវិកា ដោយរកឲ្យឃើញអាទិភាពជាក់ស្ដែង ដើម្បីឲ្យយើងឆ្លងផុត ដំណាក់កាលអន្តរកាល នៃការឈានទៅលុបបំបាត់ ការចម្លងមេរោគអេដស៍ នៅកម្ពុជា៕