(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ត្រីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ បានឃាត់មេខ្យល់៥នាក់ ដែល​បំផុសបំផុលយកលុយពី​ពលរដ្ឋរាប់ពាន់ដុល្លារ ជាថ្នូរនឹងការបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុន មានប្រាក់បៀវត្សខ្ពស់តាមរយៈក្រុមហ៊ុន «លីមីតធីត ខូអិលធិឌី» បណ្តុះ​បណ្តាលវិជ្ជាជីវៈពលករ​។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌពោធិ៍សែន​ជ័យ បានឲ្យដឹងថា មុនពេលឈានដល់ប្រតិបត្តិការនេះ មានប្រជាពលរដ្ឋជាច្រើននាក់មកពីភូមិព្រៃ​ខែ្មរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ប្តឹងសមត្ថកិច្ចមូលដ្ឋានថា មានក្រុមហ៊ុន​ឈ្មោះ «លីមីតធីត ខូអិលធិឌី» បណ្តុះបណ្តាល វិជ្ជាជីវៈពលករ បានឆបោកប្រជាពលរដ្ឋ ខ្មែរមិនតិចជាង៤០នាក់ ថានាំយកទៅធ្វើ​ការនៅប្រទេសជប៉ុន ដោយម្នាក់ៗតម្រូវឲ្យ​បង់ប្រាក់ជាមុនចំនួន២០០ដុល្លារ។​

ដោយ​ទង្វើទាំងនេះខុសប្រក្រតី ទើបសមត្ថកិច្ច​មូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់កន្លែងកើត​ហេតុ ដែលមានទីតាំងស្ថិតនៅភូមិក្បាល​ដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រួចបានរាយការណ៍ប្រាប់ទៅក្រសួងការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមករួម សហការត្រួតពិនិត្យក្រុមហ៊ុនមួយនេះ តើ​ស្របច្បាប់ដែរឬទេ?

ប្រភព​ដដែលបន្ថែមថា បន្ទាប់ពីមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ចុះមកដល់ទើបដឹងថា ក្រុមហ៊ុនមួយនេះ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ​ទេ។

មន្ត្រីក្រសួងការងារ បានឲ្យដឹងថា ក្រុម​ហ៊ុនមួយនេះ ជា​ក្រុមហ៊ុនបោកប្រាស ហើយ​ក៏ឃាត់ខ្លួនស្ត្រីម្នាក់ជាមេខ្យល់ឈ្មោះ យាយ ហៀង អាយុ៦៦ឆ្នាំ ដែលគាត់អះអាងថា ជាសាច់ញាតិរបស់ប្រធានក្រុមហ៊ុន និងអ្នករួមគំនិត៤នាក់ទៀត ដើម្បីសាកសួរ និងអនុវត្តតាមច្បាប់​។

ប្រជាពលរដ្ឋដែលរងគ្រោះដោយចាញ់​បោកក្រុមហ៊ុនខាងលើ បានឲ្យដឹងថា ក្រុម​ហ៊ុននេះ ពីមុនមានទីតាំងនៅជិតស្ពានដែក ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដែលកាលនោះ​បានបញ្ចុះបញ្ចូលប្រជាពលរដ្ឋថា នឹងនាំ​ទៅធ្វើការនៅប្រទេសជប៉ុន ហើយឲ្យបំពេញ បែបបទដោយដំបូងបង់ប្រាក់ចំនួន៥០​ដុល្លារ ជាមុនសិននៅពេលដែលរៀបចំឯក​សារសព្វគ្រប់ នឹងតម្រូវឲ្យបង់បន្ថែមចំនួន១៥០ដុល្លារទៀត ដែលនេះមិនទាន់គិតពីចំណាយផ្សេងៗទៀតនៅឡើយទេ​។

លុះមកដល់ថ្ងៃកើតហេតុ មិ​នដឹងរឿងអី ស្រាប់តែក្រុមហ៊ុនបានរើទីតាំងពីខណ្ឌដង្កោ មកដាក់ទីស្នាក់ការនៅភូមិក្បាលដំរី សង្កាត់​កាកាប ខណ្ឌពោធិ៍សែនជ័យវិញ និងដោយ ពិនិត្យឃើញថា ក្រុមហ៊ុនមានភាពមិន ប្រក្រតីមិនប្តូរស្លាកយីហោសម្រាប់មកនៅ​ទីតាំងខាងលើ ទើបប្រជាពលរដ្ឋរងគ្រោះ ទាំងនោះកើតមានការសង្ស័យក៏ប្តឹងទៅ សមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍តែ​ម្តង ខណៈដែលមានប្រជាពលរដ្ឋប្រមាណ ២៤នាក់ បានមកចុះឈ្មោះទៅធ្វើការនៅប្រទេសជប៉ុន ដោយបង់ប្រាក់ចំនួន៥០​ដុល្លារ ជាមុនទៅហើយនោះ​។

មកដល់ពេលនេះសមត្ថកិច្ចមូលដ្ឋាន និងក្រសួងការងារ បានឃាត់ខ្លួនមេខ្យល់រួមជាមួយសហការី៤នាក់ទៀត យកទៅសាកសួរព័ត៌មាន ពីការនាំពលករទៅធ្វើការនៅប្រទេស​ជប៉ុនខុសច្បាប់នេះ៕