(អង់ការ៉ា)៖ តុលាការតួកគីនាថ្ងៃសុក្រនេះ បានសម្រេចទាត់ចោលបណ្តឹងឧទ្ធរណ៍ របស់អង្គការ Wikimedia Foundation ​ជុំវិញការបិទ (Block) គេហទំព័រចំណេះដឹង Wikipedia នៅទូទាំងប្រទេសកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានបារាំង AFP នៅល្ងាចថ្ងៃសុក្រ​ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

យោងតាមសារព័ត៌មានរដ្ឋតួកគី ចៅក្រមនៃតុលាការក្នុងរដ្ឋធានីអង់ការ៉ា បានក្រវែងចោលនូវពាក្យបណ្តឹងឧទ្ធរណ៍ ដែល​ត្រូវ​បាន​ដាក់​ស្នើ​ឡើង​​នា​​សប្តាហ៍​នេះ ដោយគេហទំព័រមិនរកប្រាក់កំរៃដ៏ល្បី Wikimedia ដែល​មាន​ទីស្នាក់​ការនៅ​ក្នុង​ទីក្រុង San Fransisco នៃ​រដ្ឋ​កា​លី​ហ្វរ​ញ៉ា សហរដ្ឋ​អា​មេរិក ដែលត្រូវបាន Block នៅទូទាំងប្រទេសតួកគីកាល​ពី​ចុងសប្តាហ៍មុន។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu របស់តួកគី គេហទំព័រ Wikipedia ត្រូវបាន Block កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដោយសារតែនៅ ពេលមន្ត្រីរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានព្រមានឲ្យគេហទំព័រ​នេះ​លុប​ចោល​នូវ​ខ្លឹម​សារ​នានា ដែល​ផ្សា​ភ្ជាប់​ប្រទេសតួកគីទៅ នឹងក្រុមភេរវករ ប៉ុន្តែ Wikipedia បានបង្ហាញភាពរឹងទទឹងមិនព្រមធ្វើតាម៕