(ភ្នំពេញ)៖ សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា និងភ្នាក់ងារអចលនវត្ថុកម្ពុជា នឹងរៀបចំកម្មវិធី ពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ​២០១៧ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។

ការរៀបចំកម្មវិធីពិព័រណ៍អចលនទ្រព្យកម្ពុជានេះធ្វើឡើង ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ជំនាញវិជ្ជាជីវៈក្នុងវិស័យ អចល​នទ្រព្យដល់សមាជិក សមាជិកា និងសារធារណជន ឲ្យបានយល់ច្បាស់កាន់តែទូលំទូលាយពីវិស័យនេះ។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស សំខាន់ៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យអចលនទ្រព្យ មកពី៨ប្រទេស ក្នុងតំ​បន់អាស៊ាន អាមេរិក តៃវ៉ាន់ ព្រមទាំងមានការចូលពីបណ្ដា ម្ចាស់អាជីវកម្ម ម្ចាស់អភិវឌ្ឍន៍អចលនទ្រព្យធំៗ និងអ្នកវិនិយោគ ជាតិ និងអន្ដរជាតិប្រមាណ៤៥០នាក់ផងដែរ។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា «ព្រឹត្តិការណ៍នេះ គឺជាលើកដំបូងនៅកម្ពុជា ហើយយើងនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧​ ដែលថ្ងៃទី១ សមាគមនឹងប្រជុំប្រធានសមាគមអា​ស៊ាន ​ចំនួន៨ប្រទេស, ថ្ងៃទី២ ការចែករំលែកបទពីសោធន៍វិស័យដីធ្លីរបស់ប្រធានសមាគម៨ប្រទេស, និងថ្ងៃ​ទី​៣
ជាថ្ងៃដែលម្ចាស់​គំរោង៤នាក់ និងវាគ្មិនកិត្តិយស៣នាក់ និងចូលរួមចែករំលែកបទពិសោធន៍ដល់សាធារណជន»។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍នេះ នឹងធ្វើឡើងនាសណ្ឋាគារ សូហ្វីតែល ភូគីត្រាភ្នំពេញ អាស្រ័យហេតុនេះសូមស្នើដល់​ក្រុម​ហ៊ុន ជាសមាជិកសមាគមទាំងអស់ ដើម្បីជួយជាវសំបុត្រចូលរួមឲ្យបានគ្រប់ៗគ្នា ដោយសំបុត្រមួយសន្លឹកតម្លៃ៧០ដុល្លារ សម្រាប់​សមាជិសមាគម និង១០០ដុល្លារសម្រាប់ សម្រាប់អ្នកមិនមែនជាសមាជិក៕