(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែង គាំទ្រពេញទំហឹងលើចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលហាមឃាត់ដល់គណបក្សនយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនា តាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការគាំទ្ររបស់ គ.ជ.ប ធ្វើឡើងដោយយោងតាមទិដ្ឋភាព២ជារួម ក្នុងនោះ ទី១៖ គឺជាទិដ្ឋភាពច្បាប់ មិនអាចធ្វើការ ឃោសនា ដោយមានការដង្ហែក្បួនបាននោះទេ តែក្នុងរយៈពេល១៤ថ្ងៃ នៃការឃោសនាបោះឆ្នោត គឺអាចហែក្បួនបាន២ដង ទិដ្ឋភាពទី២ គឺការគ្រប់គ្រងរបស់អាជ្ញាធរដែនដី មានភាពចាំបាច់ក្នុងការគ្រប់គ្រងស្ថានការណ៍ជាក់ស្តែង។

អ្នកនាំពាក្យ គ.ជ.ប ថ្លែងយ៉ាងដូច្នេះថា៖ «យោងតាមទិដ្ឋភាពជាក់ស្តែងទាំងពីរនេះ គ.ជ.ប បានសម្រេច និងយល់ព្រមថា ការហាមឃាត់មិនឲ្យមានការ ដង្ហែក្បួននៅតាមដងផ្លូវ ទីប្រជុំជន និងតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ គឺសមហេតុសមផលដោយសារ តែស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ ហើយការបោះឆ្នោតគ៏ធ្វើឡើង ក្នុងទឹកដីរបស់អាជ្ញាធរ មិនមែនតែគណបក្សនយោបាយ នោះទេ គឺទាំងអស់គ្នា។ នេះជាកិច្ចការចាំបាច់របស់អាជ្ញាធរ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនិងសម្រាប់បញ្ចៀសការកកស្ទះចរាចរណ៍ ដូចនេះ គ.ជ.ប ទទួលយកបាន និងគាំទ្រចំណាត់ការ»

បន្ថែមពីលើនេះលោក ហង្ស ពុទ្ធា បានឲ្យដឹងថា ករណីមានគណបក្សនយោបាយណាមួយ បំពានលើចំណាត់ការរបស់ សាលារាជធានីភ្នំពេញ មានន័យថា គណបក្សនយោបាយនោះ បានបំពានទៅលើដែន សមត្ថកិច្ចរបស់អាជ្ញាធរ និង គ.ជ.ប ដែរ។

លោក ហង្ស ពុទ្ធា បានលើកឡើងយ៉ាងដូច្នេះថា «អាជ្ញាធរហាម តែគាត់នៅតែបំពាន គឺគាត់មានកំហុសជាមួយអាជ្ញាធរ កំហុសនេះក៏ប្រឈមជាមួយច្បាប់ បោះឆ្នោតដែរ ពីព្រោះសេចក្តីណែនាំឲ្យមានការសហការជាមួយអាជ្ញាធរដែនដី ពីព្រោះការបោះឆ្នោតមិនមែនដើរធ្វើអីស្រេចតែចិត្តលើ ដែនដីអាជ្ញាធរគ្រប់គ្រង នោះទេ។ បើគិតលើ អាជ្ញាធរដែនដី គាត់ខុសមួយហើយ ជាមួយគ.ជ.ប គាត់កាន់តែខុសថែមទៀត»

សាលារាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញលិខិតស្នើដល់ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោតរាជធានីភ្នំពេញ ឱ្យណែនាំដល់គណបក្ស នយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនាតាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។

លិខិតរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើនេះធ្វើឡើងដើម្បីធានាបាន នូវការប្រព្រឹត្តទៅនៃការឃោសនា រកសំលេងឆ្នោត ក្នុងយទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនគណបក្សនយោបាយទាំងអស់ បានល្អប្រសើរ និងការបញ្ចៀស ការកកស្ទះចរាចរណ៍ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា គណបក្សនយោបាយទាំង១២ ដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងចាប់ផ្តើមធ្វើយុទ្ធនាការ ឃោសនា បោះឆ្នោតរៀងៗខ្លួន ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕