(ភ្នំពេញ)៖ សហភាពអឺរ៉ុប នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធីអបអរខួប២០ឆ្នាំ នៃកិច្ចព្រមព្រៀងសហ​ប្រ​តិបត្តិការ សហភាពអឺរ៉ុប-កម្ពុជា ដែលជាដៃគូរអភិវឌ្ឍន៍សំខាន់មួយនៅកម្ពុជា ដែលបានផ្ដល់មូលនិធិសម្រាប់គាំទ្រដល់គម្រោងផ្សេងៗ ក្នុងវិស័យជាច្រើន។ ការរៀបចំកម្មវីធីអបអរខួប២០ឆ្នាំ នៃកិច្ចព្រមព្រៀងនេះធ្វើឡើងដោយមាន ការអញ្ជើញចូលរួមពី សំណាក់លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

លោកឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា ខណៈដែលប្រទេសកម្ពុជាបានវិវត្តខ្លួនក្នុងរយៈកាល២០ឆ្នាំមកនេះ ប្រតិភូសហភាពអឺរ៉ុបបានដើរតួនាទីសកម្មក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច កំណែទម្រង់វិស័យអប់រំ និងការបោះឆ្នោតការ
លើកកម្ពស់អភិបាលកិច្ច និងវិស័យកសិកម្ម ដែលទាំងនេះបានជួយលើកកម្ពស់ដល់ ការរស់នៅរបស់ប្រជាជនជាច្រើនទូទាំង
ប្រទេស។

លោកបន្ដទៀតថា «នៅឆ្នាំនេះ យើងក៏បានអបអរដល់កិច្ចការជាច្រើនថែមទៀតផង ដោយមិនត្រឹមតែអបអរខួប២០ឆ្នាំនៃកិច្ច
ព្រមព្រៀងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏អបអរដល់ខួបទី៤០ នៃទំនាក់ទំនងផ្លូវការរវាងសហភាព អឺរ៉ុប និងអាស៊ាន និងខួបទី៣០ នៃកម្មវិធី Erasmus ដែលកម្មវិធីនេះបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាច្រើនតាម
រយៈការទទួលបានឱកាសសិក្សានៅឯសកលវិទ្យាល័យល្អបំផុតមួយចំនួនរបស់អឺរ៉ុប»

លោកថា ដើម្បីជាការអបអរដល់ខួបទាំងនេះ សហភាពអឺរ៉ុប បាននិងកំពុងរៀបចំនូវកម្មវិធីជាច្រើន ដូចជា៖ យុទ្ធនាការរ៉ឺម៉កម៉ូតូ កម្មវិធីតាមវិទ្យុនិងទូរទស្សន៍ និងកិច្ចពិភាក្សា នៅតាមសកលវិទ្យាល័យនានា ដើម្បីពន្យល់អំពីសមិទ្ធិផលដែលសម្រេចបានរហូតមក ទល់នឹងពេលនេះ ហើយនិងសមិទ្ធិផលដែលអាចកើតចេញ ពីទំនាក់ទំនងសហភាពអឺរ៉ុប-កម្ពុជា នាពេលអនាគត។

ទំនាក់ទំនងសហភាព អឺរ៉ុប-កម្ពុជា មានលក្ខណៈកាន់តែប្រសើរ និងអភិវឌ្ឍទៅមុខចាប់តាំងពីកិច្ចព្រមព្រៀងសហប្រតិបត្តិការត្រូវ
បានចុះហត្ថលេខានាថ្ងៃទី២៩ ខែមេសា ឆ្នាំ ១៩៩៧ និងបានចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ៩៩៩។ ជំនួយ
សហប្រតិបត្តិការសហភាពអឺរ៉ុប ផ្ដល់មកឲ្យកម្ពុជា បានកើនឡើងយ៉ាងច្រើន ហើយចន្លោះពីឆ្នាំ២០០២ និង២០០៤ ជំនួយរបស់
សហភាព អឺរ៉ុបមានចំនួនជិត៧៥លានដុល្លារ ដោយបានកើនឡើងដល់៤៤៥លានដុល្លារសម្រាប់ពីឆ្នាំ២០១៤-២០២០។

បច្ចុប្បន្ន សហភាពអឺរ៉ុបបាននាំចូលទំនិញមកកម្ពុជា ដែលគិតជាទឹកប្រាក់មានចំនួន៤,៥ប៊ីលានអឺរ៉ូ ក្នុងឆ្នាំ២០១៦ ហើយទំនាក់ទំនងពាណិជ្ជកម្មនេះ បានបង្កើតការងារដល់មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ជាពិសេសការងារសម្រាប់ស្ត្រីកម្ពុជា និងប្រជាជនរស់នៅតាមទីជនបទ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប និងកម្ពុជា ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩៧ ដែលជាការចាប់ផ្ដើមទំព័រថ្មីនៅក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ។ ហើយចាប់តាំងពីទសវត្សរ៍១៩៩០ មកសហភាពអឺរ៉ុប
គឺជាដៃគូអភិវឌ្ឍន៍សំខាន់មួយនៅក្នុងប្រទេសកម្ពុជាដោយបានផ្ដល់មូលនិធិសម្រាប់គាំទ្រដល់គម្រោងផ្សេងៗក្នុងវិស័យជាច្រើន រាប់តាំងពីវិស័យអប់រំ និងវិស័យកសិកម្ម រហូតដល់ការគ្រប់គ្រងហិរញ្ញវត្ថុ និងជំនួយពាណិជ្ជកម្មដែលបានផ្ដល់ផលប្រយោជន៍
ដល់ប្រជាជនកម្ពុជារាប់លាននាក់៕