(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា លោក ចេង ខេង បានបង្ហាញពី​ជំហររឹងមាំមួយលើ​វិស័យ​ដីធ្លីនៅកម្ពុជាថា មិនមានហានិភ័យណាមួយកើតឡើងនោះឡើយ បើទោះបីជាការបោះឆ្នោត​ខិតជិតចូលមកដល់ក៏ដោយ។ ការលើកឡើង​បែបនេះរបស់លោកធ្វើឡើង នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី «សន្និបាត និងពិព័រណ៍អចលទ្រព្យកម្ពុជា ឆ្នាំ​២០១៧» នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។

លោក ចេង ខេង បានថ្លែងឲ្យដឹងថា មតិមួយចំនួនចេះតែមានការភ័យខ្លាច ព្រោះតែការបោះឆ្នោតខិតជិតចូលមកដល់ ខ្លាចវិស័យដី​ធ្លីមានការធ្លាក់ចុះ។ លោកថា «ចំពោះខ្ញុំជឿជាក់ថា មិនមានបញ្ហាប៉ះពាល់រឿងបោះឆ្នោតនោះឡើយ ដោយសារតែការបោះឆ្នោត​នេះមិនមែនជាលើកទី១ ឬទី២នោះទេ សម្រាប់កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ មិនថា វិស័យនយោបាយ ឬវិស័យ​ដីធ្លីនេះទេ សំខាន់ឲ្យតែយើងធ្វើអ្វីទៅតាមជំនាញនីមួយៗ គឺមិនមានអីគួរឲ្យព្រួយបារម្ភ ឬភ័យខ្លាចឡើយ»

លោកបន្ដទៀតថា វិស័យដីធ្លីអាចឲ្យយើងឆ្លៀតឱកាសរកប្រាក់ចំណេញគ្រប់ពេលវេលា មួយវិញទៀត ប្រសិនបើគេកាន់តែ​ភ័យ​ខ្លាច​នឹងរឿងវិស័យដីធ្លី នេះជាឱកាសដ៏ល្អមួយសម្រាប់យើង ក្នុងការវិនិយោគ នាពេលដែលគេកំពុង​ភ័យខ្លាចលើ​វិស័យនេះ នាពេលដែលជិតបោះឆ្នោតនេះ។

លោកថា «ប៉ុន្មានឆ្នាំមកនេះវិស័យដីធ្លី មានការកើនឡើងជាលំដាប់ ព្រោះដោយសារកំណើនប្រជាជនកើនឡើងជារៀងរាល់ឆ្នាំ កាល​មុនទីក្រុងភ្នំពេញ មិនរីកដុសដាលធំធេងដូចពេលនេះទេ តែឥឡូវគឺមានការរីកចំរើនជាលំដាប់ មានបុរីគ្រប់​ទិសទី គ្រប់ទី​កន្លែង ហើយចំពោះដីឡូត៍ពុះលក់វិញ គឺមានការរីកចំរើនទៀតផងដែរ»

លោកបានបញ្ជាក់ថា ដើម្បីកុំឲ្យមានហានិភ័យលើវិស័យដីធ្លី នាពេលជិតបោះឆ្នោតនេះ អ្នកវិនិយោគវិស័យដី​ធ្លីគួរតែរក​អ្នកជំនាញខាងវិស័យដីធ្លីណែនាំដល់ខ្លួន ឲ្យបានច្បាស់ ជៀសវាងកុំឲ្យមានការខាតបង់៕