(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសឲ្យម្ចាស់ហាងលក់យានយន្ដទាំងអស់ ទៅដាក់ពាក្យសុំលិខិតអនុញ្ញាត បំពេញបែបបទចុះបញ្ជីយានជំនិះតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឲ្យបានមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម មានគោលបំណងធានាឲ្យការបម្រើ សេវាសាធារណៈចុះបញ្ជីជូនប្រជាពលរដ្ឋមានភាពឆាប់រហ័ស និងកាត់បន្ថយការចំណាយកម្រៃ ក្រៅផ្លូវការ ខុសពីតម្លៃដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមរំលឹកថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យ ប្រវត្តិកម្មចុះបញ្ជីយានជំនិះ។ ប្រព័ន្ធថ្មីនេះ ម្ចាស់យានជំនិះក៏អាចចុះបញ្ជីយានយន្ត និងធ្វើស្លាកលេខយានយន្តជាមួយក្រុមហ៊ុនលក់យាន យន្តបានដែរ ដោយមិនចាំបាច់ទៅធ្វើជាមួយក្រសួងនោះឡើយ។

គិតចាប់ពីដាក់ដំណើរការ រហូតមកទល់ពេលនេះ មានក្រុមហ៊ុនលក់ម៉ូតូ១០ និង លក់រថយន្ដចំនួន៤ ដែលបានដាក់ដំណើរការសេវា ចុះបញ្ជីយានយន្ដតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ។

គិតចាប់តាំងពីថ្ងៃដាក់ឲ្យដំណើរ មានរថយន្ដធុនស្រាលចំនួន ១៧,៧៥៥គ្រឿង, រថយន្ដធុនធ្ងន់ និងស៊ឺមីរ៉ឺម៉កចំនួន ១៨៩៣គ្រឿង, ម៉ូតូ និងរ៉ឺម៉កកង់បី ចំនួន ៩៤,៧១៨គ្រឿងហើយ ដែលបានចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ក្រសួងក៏បានលក់លេខពិសេស ចំនួន៧,៣៨៤ផងដែរ។

សេវាថ្មីរបស់ក្រសួងសាធារណការសម្រាប់ការចុះបញ្ជីយានយន្តនេះ ទទួលបានការសាទរ និងពេញចិត្តពេញថ្លើមខ្លាំងពីប្រជាពលរដ្ឋ ព្រោះបានធ្វើឲ្យពួកគេកាន់តែងាយស្រួលក្នុងការចុះបញ្ជីយានយន្ត និងធ្វើស្លាកលេខ មិនចំណាយពេលយូរ ហើយលំបាកដូច ពេលមុនទៀតនោះឡើយ៕

ខាងក្រោម គឺជាវីដេអូបង្ហាញពីនីតិវិធីក្នុងការចុះបញ្ជីយានយន្ត និងធ្វើស្លាកលេខយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម