(កំពង់ស្ពឺ)៖ រថយន្តមួយគ្រឿងប្រភេទយីឌុប បាន​រអិលធ្លាក់ផ្លូវ ស្រាប់តែក្អួតចេញឈើជាច្រើនម៉ែត្រគូប ពីក្នុងរថយន្ត ដែលនាំឲ្យសមត្ថកិច្ច ក៏ជាដូចជាមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការរអិលធ្លាក់រថយន្តខាងលើ នៅក្បែរ​ស្នាក់ការរងឧទ្យានជាតិព្រះមុនីវង្ស ខេត្តកំពង់ស្ពឺ ហើយមិនរថយន្តមិនជួបគ្រោះថ្នាក់នេះ ប្រហែលជាគ្មាន​នរណា​ដឹងនោះពីសកម្មភាពដឹកជញ្ជូននោះឡើយ។

ករណីនេះ​កើតឡើងនៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រចន្លោះគីឡូម៉ែត្រលេខ១០៤ ​ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដោយ​រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ​ពណ៌បៃតងលាយស ពាក់ស្លាកលេខ​កំពង់ធំ​3A-1296 មានផ្ទុកឈើពេញ ហើយមិនបានឃើញម្ចាស់រថយន្តនោះទេ​។

ភ្នាក់ងារ Fresh News បានរាយការណ៍នៅព្រឹកនេះថា រថយន្តខាងលើ បានរអិលធ្លាក់ផ្លូវតាំងពីអំឡុងម៉ោង១២យប់មកម្ល៉េះ តែមិនមានអ្នកណាចាប់អារម្មណ៌ ហើយសមត្ថកិច្ច ក៏មិនហ៊ានឆេកឆេរដែរ ដោយខ្លាចខុស​នីតិវិធី លុះព្រឹកឡើងទើប​បានឆេកទើបដឹងថា រថយន្តនេះមានដឹកឈើប្រភេទម៉ៃតាប់ (ស្រួល) ដោយមិនទាន់ដឹងចំនួនច្បាស់នៅឡើយទេ​។

​មន្ត្រីនៅកន្លែងកើតហេតុ បញ្ជាក់ថា រថយន្ដ​ដឹកមកពីលិចទៅកើត មកដល់ចំណុចកើតហេតុទំនងជារអិល ដោយមេឃភ្លៀង ក៏ធ្លាក់ចូលក្នុងចញ្ចើមផ្លូវ មិនអាចទៅណារួច រហូតសមត្ថកិច្ចមកទាន់នេះ​។

យ៉ាងណាមិញ ក្រុមអ្នកឈរមើលហេតុការណ៍ ហាក់សម្តែងការសង្ស័យថា រថយន្តដឹកឈើយ៉ាងធំបែបនេះ បានដឹក​ឈើជាច្រើន ​ហេតុអីក៏សមត្ថកិច្ច មិនបង្រ្កាបតាំងពីលើកដាក់លើរថយន្តមក ចាំបាច់អីទាល់តែរអិលធ្លាក់ផ្លូវ ទើបឃើញមានសមត្ថកិច្ចទៅបង្ក្រាប ហើយការបង្រ្កាបនេះ នៅជិតច្រមុះ នៃស្នាក់ការរងរបស់ឧទ្យានជាតិព្រះមុនីវង្ស ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ផ្ទាល់តែម្តង៕