(ពោធិ៍សាត់)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដែលបង្កដោយបុរស២នាក់ ជិះម៉ូតូឌុបយ៉ាងលឿនបុកគោស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់នៅ យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៨-២០៩ ស្ថិតនៅភូមិ ខ្នាចរមាស ឃុំបឹងខ្នារ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញមានមួយគ្រឿងម៉ាក់ហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២១០៥ គ្មានស្លាកលេខ បើកបរដោយឈ្មោះ គីម ធី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវត្តជ្រែ ឃុំបឹងខ្នារ បើកពីលិចទៅកើតយ៉ាងលឿនពេលមកដល់ចំណុច កើតហេតុខាងលើ ក៏បានបុកជាមួយគោមួយក្បាល ដែលកុំពុងឆ្លងផ្លូវពីត្បូងមកជើង បណ្តាលឲ្យបុកពេញទំហឹងបណ្តាល ឲ្យបុរសជាអ្នកឌុបស្លាប់នៅនឹងកន្លែងកើតហេតុ។

ចំណែកឯជនរងគ្រោះជាអ្នកជិះពីក្រោយ ឈ្មោះ ហឿម ហាក់អាយុ ២៤ឆ្នាំ រស់នៅភូមិវត្តជ្រែ ឃុំបឹងខ្នារ រងរបួសធ្ងន់បាក់ដៃទាំង២ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្ត ពោធិ៍សាត់។

ចំណែកឯម៉ូតូ និងគោត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕