(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង នឹងដឹកនាំ​គ្រូពេទ្យស្ម័គ្រចិត្ត ទៅពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅសាធារណរដ្ឋកូរ៉េលើកទីពីរ ​ដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ​ធ្វើការ និងសិក្សានៅទីក្រុងឆន់ណាន នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ពោលគឺថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០១៧។

លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ការដឹកនាំគ្រូពេទ្យចុះពិនិត្យសុខភាពនេះ ក្នុងគោលបំណងលើកកំពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត ដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ។

លោកបន្ថែមថា សកម្មភាពនេះធ្វើឡើងដោយ សហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) នឹងបញ្ជូនក្រុមគ្រូពេទ្យរបស់មូលនិធិ ចុះពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងឆន់ណាន (Cheonan) ដែលមានអាស័យដ្ឋានៈ천안시 서북구 성정공원 5로 21(스카이B/D 4층) ចាប់ពីម៉ោង ១២:០០ ដល់ម៉ោង ១៧:០០ល្ងាច៕