(ភ្នំពេញ)​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ ឆ្នាំ២០១៧នេះ​ តុលាការក្រុងភ្នំពេញ ពុំបានប្រកាស​សាលក្រមចំពោះសំណុំ​រឿងឃាតកម្មលើឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ នោះទេ។​ តុលាការនេះបានសម្រេចលើកពេល ក្នុងការប្រកាសសាលក្រម ដោយមិនកំណត់។ នេះបើតាមលោក គា អ៊ាវ មេធាវីរបស់ ជនជាប់ចោទ ថោង សារ៉ាត់។

សូមបញ្ជាក់ថា ឧកញ៉ា ​អ៊ឹង​ ម៉េងជឺ​ ដែលជាថៅកែក្រុមហ៊ុនស៊ីម៉ងតិ៍ត្បូងពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង នៅក្បែរផ្សារថ្មី ត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ ក្រោយឃាតកម្មនេះ សមត្ថកិច្ចបានស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតចាប់ខ្លួនលោក ថោង សារ៉ាត់ ថៅកែបុរី៩៩៩ រួមទាំងអង្គរក្សរបស់លោកចំនួន៤នាក់ បន្ទាប់ពីបើកប្រតិបត្តិការឆែកឆេរ ឃើញអាវុធ ខុសច្បាប់ នៅផ្ទះលោកថោង សារ៉ាត់ មួយចំនួន ដែលសមត្ថកិច្ចដាក់ការសង្ស័យថា ជាក្រុមធ្វើសកម្មភាពបាញ់សម្លាប់ ឧកញ៉ា អ៉ឹង ម៉េងជឺ។