(សៀមរាប)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ទិវា​ពលកម្ម​អន្តរជាតិ១ឧសភា និងទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារឆ្នាំនេះ បានប្រព្រឹត្ត​ទៅ​កាន់​តែ​សកម្មផុសផុល ក្រោមបរិយាកាសរីករាយស្និទ្ធស្នាលជាង​ឆ្នាំ​មុនៗ ដោយហេតុថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានទំនាក់ទំនងវិជ្ជាជីវៈ​រវាងកម្មករ​និយោ​ជិត និងនិយោជកកាន់តែល្អ និងមានយន្តការត្រីភាគីកាន់តែប្រសើរ។

ថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ ដើម្បីសន្តិភាពការងារ មុខរបរ និងការអភិវឌ្ឍន៍ និងទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមប្រធានបទ «បង្កើនសុក្រឹត្យភាពក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យសុខភាព និងសុវត្ថិភាពការងារ» ជាមួយលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀបរាម នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប។

លោករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា «ការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍​ លើក​ទី​១៣១ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០១៧នេះ បានប្រព្រឹត្ត​ទៅ​កាន់​តែ​សកម្ម និងផុសផុល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាង​ឆ្នាំ​មុនៗ គឺដោយហេតុថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាព រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ចខ្លាំង មានទំនាក់ទំនងវិជ្ជាជីវៈ​រវាងកម្មករ​និយោ​ជិត និងនិយោជកកាន់តែល្អ និងមានយន្តការត្រីភាគីកាន់តែប្រសើរ ​ក្នុងការជជែកគ្រប់គ្រង​បញ្ហា​ប្រឈម ដោយឈរលើគោលការណ៍​នីតិ​រដ្ឋ និងបច្ចេកទេស ដោយមានការសហការ​បច្ចេកទេស ពីអង្គកា​រ​អន្តរ​ជា​តិ​ខាងការងារ»

លោកបន្តថា កន្លងមក ក្រសួងការងារបានយកចិត្តទុកដាក់ខ្លាំង ចំពោះសុវត្ថិភាព និងសុខភាពរបស់កម្មករ-កម្មការីនី ជាពិសេស បញ្ហាគ្រោះថ្នាក់ការងារដែលកើតមាននៅកន្លែងធ្វើការ និងនៅពេលធ្វើដំណើរទៅបំពេញការងារ នៅតាមរោងចក្រនានា។ ក្រសួងការងារបានបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាព ដែលជាយន្តការត្រីភាគី ដើម្បីរួមចំណែកក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាសគ្រឹះស្ថាន។ ជាងនេះទៅទៀត ក្រសួងក៏បានសហការជាមួយអង្គការអន្តរជាតិខាងការងារជប៉ុន ក្នុងការអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់បទដ្ឋានសុខភាព និងសុវត្ថិភាពការងារវិស័យសំណង់ នៅប្រទេសកម្ពុជា ដែលទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ក្នុងកិច្ចការងារគាំពារសុខភាព និងសុវត្ថភាពរបស់កម្មករ-កម្មការីនីទាំងអស់។

ជាមួយគ្នានេះ រាជ​រដ្ឋាភិបាលក៏​បាន​ចេញ​នូវ​សារាចរណែនាំស្តីពី ការប្រារព្ធទិវានេះផងដែរ ​នៅ​តាមរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ១១,១៦៨ ក្នុងនោះរោងចក្រសហគ្រាសធំៗ​ទូទាំង​ប្រទេស​ ១,០០០ ដែលមានកម្មករនិយោជិតប្រមាណ ៧០០ពាន់នាក់ ​បាន​រៀបចំពិធី​រាំកម្សាន្តសប្បាយលេងល្បែង​ប្រជាប្រិយ ពិសាបាយ​សាមគ្គី និងចាប់រង្វាន់ ដើម្បីអបអរសាទរបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ជាតិ​ផង និងទិវា​ពលកម្ម​អន្តរជាតិ ១ឧសភាផង ព្រមជាមួយនោះ​គ្រប់រាជធានី-ខេត្ត ក៏បានចាត់តាំងប្រារព្ធទិវាពលកម្ម​អន្តរជាតិ ១ឧសភា ទៅតាមទីកន្លែង និងកម្មវិធីរៀងៗខ្លួន ប្រកបដោយ​បរិយា​កាសរីករាយ និងស្និទ្ធស្នាល។

ដោយឡែក ក្រសួងការងារក៏បានប្រារព្ធទិវាពលកម្ម​អន្តរ​ជាតិ​ នៅថ្ងៃទី០១ ខែឧសភា​​​នេះ ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត សហជីពគ្រប់​លំដាប់​ថ្នាក់ សមាគមនិយោ​ជក និងអង្គការ​វិជ្ជាជី​វៈ ប្រមាណ៤៥០នាក់ ហើយយក​វេទិកានេះ ដើម្បី​ដោះស្រាយ​សំណូមពរ​នានា​ នៃទំនាក់ទំនង​វិជ្ជាជីវៈ​​នៅកម្ពុជា ប្រកបដោយបរិយាកាសរីករាយយោគយល់ និង​ទទួលបានផ្លែផ្កា​គួរជាទី​មោទនៈ។

ទាំងនេះគឺបានមកពីការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល​បាន​ខិតខំបន្ត​រក្សា​​បាននូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតី​ភាព​នៃជីវភាព និងបន្តជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ ប្រកបដោយជោគជ័យ៕