(កំពត)៖ ​មន្ត្រីមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តកំពត នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ​២០១៧​នេះ បានព្រមានចាត់វិធានការ ច្បាប់តឹងរឹងប្រឆាំងនឹង ជនសង្ស័យឈ្មោះ ប៉ាវ ប៊ុនថា ដែលជាមេខ្យល់ដើរញុះញង់ប្រជាពលរដ្ឋ មកពីតាមខេត្តនានា ទៅកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ អភិរក្សដោយ ខុសច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ ខកខានមិនបានចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត ២ដងរួចមកហើយ ពីបទកាប់រុករានដីព្រៃ ក្នុងឧទ្យានជាតិព្រះមុនីវង្ស (ភ្នំបូកគោ) ហើយពេលនេះ នៅតែគឃ្លើនបំពានច្បាប់បន្តដើរ ញុះញង់ពលរដ្ឋ ឲ្យចូលកាប់រានដីព្រៃ ធ្វើជាកម្មសិទ្ធិ។

អាជ្ញាធរ ​សូមធ្វើការ​អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលចូលទៅរុករានទន្ទ្រានដីព្រៃអភិរក្ស ដោយខុសច្បាប់នេះ ត្រូវបញ្ឈប់ជាបន្ទាន់។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងថា មានប្រជាជន ចំនួន​២៥នាក់ មកពីបណ្តាលខេត្ត មួយចំនួនដូចជាកំពង់ស្ពឺ ​រាជធានីភ្នំពេញ  កំពង់ចាម ព្រៃវែង និងខេត្តកំពត មកតាមរយៈសមាគមអភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជា ដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានបានលួចចូលទៅប្រមូលផ្តុំគ្នា នៅចំណុចអូរដារ ស្ថិតនៅក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដើម្បីកាប់ឆ្ការរុករានដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស ហើយទីតាំងនេះ ធ្លាប់ត្រូវបានបង្ក្រាប និងបំផ្លាញចោលកន្លងទៅ ព្រោះជាការរុក រានកាន់កាប់ដីព្រៃអភិរក្សដោយខុសច្បាប់។

ប្រធានមន្ទីរបរិស្ថានរូបនេះ បញ្ជាក់ថា ទោះបីជាមានការទប់ស្កាត់ ពីកម្លាំងឧទ្យានុរក្សប្រចាំការ​ នៅតំបន់នោះក៏ដោយ ក្រុមជនល្មើសបានលួចចូលទៅកាន់ទីតាំងនោះទាល់តែបាន ហើយករណីពលរដ្ឋមកទន្ទ្រានចាប់យកដីនៅទីតាំងនេះ ជាលើកទី២ ហើយដែលធ្វើឡើងតាមរយៈលិខិតរបស់រដ្ឋសភា ដែលត្រូវបាន ខ្លែង ឆបោក ដោយក្រុមសមាគម​។

គួរបញ្ជាក់ថា បន្ទាប់ពី​​ការចេញលិខិតរបស់រដ្ឋសភា រៀបចំដោយ ​គណៈកម្មការសិទ្ធិមនុស្ស ​ទទួល​ពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា ស្នើសុំឲ្យអភិបាលខេត្ត​កំពត ​ពិនិត្យ និ​ងជួយដោះស្រាយដី ​៣,០០០ហិចតា តាមរយៈ សម្តេចប្រធានរដ្ឋសភា ជូន​សមាគមន៍​អភិវឌ្ឍន៍អតីតយុទ្ធជន ដែលមាន​ឈ្មោះ ​ប៉ាវ ​ប៊ុនថា ជាប្រធានសមាគមន៍ ​គឺ​​ក្រុមរបស់សមាគមន៍នេះ​ បានយកលិខិត​ទៅ​​បំផុសបំផុលចលនាប្រជាជន នៅ​តាមបណ្តាលខេត្តមួយចំនួន​ដូចជា ខេត្តក្រចេះ ​​​ព្រៃ​វែង​ ​ស្វាយរៀង ​កណ្តាល​​ កំពង់ធំ​​ កំពង់ចាម កំពង់ស្ពឺ និងខេត្ត​កំពត មក​យក​ដី​នៅតំបន់អូរដា ​​អូររាន ​ច័ន្ទក្រហម មេរនាស ​និង​ត្រពាំងភ្លង ​​នៅក្នុងដែន​ឧទ្យានជាតិ​ព្រះមុនីវង្ស បូកគោ ​ភូមិសាស្រ្ត​ខេត្ត​កំពត។

បើតាមការបញ្ជាក់របស់ ប្រធានមន្ទីរបរិស្ថានខេត្តកំពត កន្លងមក​នៅក្នុងការទប់ស្កាត់សកម្មភាព​ទន្ទ្រានដី​​ នៅតំបន់អូរដា ​និង​អូររាន ​​នៅចំនុចខ្នងភ្នំ នៃ​ឧទ្យាន​ជាតិ​​ព្រះមុនីវង្ស «បូកគោ»  ​​ភូមិសាស្រ្តភូមិតេជោរអន្លង់ក្មេងលេង ឃុំតេជោរអភិវឌ្ឍន៍​ ស្រុកឈូក ​ខេត្តកំពត មាន​ទ្រង់​ទ្រាយ​ធំ​ ​ដែលក្រុមសមាគមន៍​អភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជា បានបំផុលបំផុលប្រជាពលរដ្ឋតាមបណ្តាល​ខេត្ត​នានា ជិត​២០០នាក់ មានបំណងមកទន្រ្ទានកាន់កាប់ ​និ​ងកាប់បំផ្លាញដីព្រៃតំបន់ការពារធម្មជាតិ ទំហំ​៣,០០០ហិចតា ​​ត្រូវ​បាន​គណៈ​បញ្ជា​ការឯកភាពរដ្ឋបាលខេត្តកំពត ​​ធ្វើការទប់ស្កាត់ និង​បញ្ឈប់សកម្មភាព​ទន្ទ្រាន​ដី​ក្នុងតំបន់​ឧទ្យាន​ជាតិ ​ដោយសន្តិវិធី ​គឺ​​ប្រជាពលរដ្ឋទាំងនោះ ព្រមរុះរើ​ចាក់ចេញពី​ទីតាំងទន្ទ្រានដីព្រៃ ​ត្រឡប់ទៅ​លំនៅដ្ឋាន​​រៀងៗ​ខ្លួនវិញ​ដោយស្ម័គ្រចិត្ត។

​ជាមួយនេះ​ដែរ ​​មន្ទីរបរិស្ថានខេត្ត បានបំពេញ​សំណុំរឿង​ប្តឹងឈ្មោះ ​ប៉ាវ ​ប៊ុនថា ​ជា​ប្រធានសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ធជនកម្ពុជា ដែលជាមេខ្លោង ​ក្នុងការញ៉ុះញ៉ុង​សកម្មភាព​កាប់​ទន្ទ្រានដី ​ទៅ​អយ្យការអមសាលាដំបូងខេត្តកំពត ​ដើម្បីចាក់ការតាមផ្លូវច្បាប់​ តាមការណែនាំ​របស់​​អភិ​បាល​​ខេត្ត​​ និង​ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត។​

​ប៉ុន្តែនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០១៧ ក្រុមប្រជាពលរដ្ឋដដែល ដែលក្រោមការញុះញង់របស់ឈ្មោះ ប៉ាវ ប៊ុនថា បានចូលមករុករាន ទន្ទ្រានកាន់កាប់ដីទីតាំងនោះ ដោយបានបោះតង់ និងកសប់ឆ្ការព្រៃ។ បើតាមលោក ស៊ុយ ធា នៅថ្ងៃទី៥ ខែឧសភាស្អែកនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថាន នឹងចុះទៅដោះស្រាយ បញ្ហាដោយផ្ទាល់ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះ ឈប់ចាញ់បោកអ្នកបំផុសបំផុល និងកាប់ទន្ទ្រានដីព្រៃខុសច្បាប់បន្តទៀត។

​លោក​បន្ថែមថា ក្នុងករណីប្រជាពលរដ្ឋពុំមានដីធ្លីពិតប្រាកដ នោះអាជ្ញាធរ នឹងពិនិត្យ​សម្រេចដោយមាន គណៈកម្មាធិការ វាយតម្លៃសម្រេច ប៉ុន្តែមិនមែនមករុករានកាប់ទន្ទ្រានដីព្រៃអភិរក្ស តាមអំពើចិត្តនោះឡើយ៕