(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ខណៈដែលពីមុនផ្លូវក្នុងភូមិចំការចេកខាងជើង និងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ពិបាកនឹងធ្វើដំណើរ អីឡូវនេះក្រុមហ៊ុន Mekong Royal Construction សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានស្ថាបនាក្រាលកៅស៊ូរួចរាល់ជាស្ថាបពរហើយ ដែលគម្រោងនេះចាប់ផ្តើមស្ថាបនា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ មានចំនួន ៧ខ្សែ ប្រវែងសរុប ៥គីឡូម៉ែត្រផងដែរ។

លោកអភិបាលខេត្តបានថ្លែងដូច្នេះ ក្នុងពីធីជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ជាង១៥០០នាក់ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។

លោក ម៉ៅ ធនិន បានថ្លែងថា ជាច្រើនអាណត្តិកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ខេត្តពោធិ៍សាត់ក៏ដូចជា បណ្តារាជធានី-ខេត្តទាំង២៥ ទទួលបាននូវសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានខេត្តពោធិ៍សាត់ ដែលទទួលបាននូវសមិទ្ធផលធំៗ ជាច្រើនដូចជា ទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅក្នុងស្រុកភ្នំក្រវាញ ដែលអាចរក្សាទឹកបានជាង៥០លានម៉ែត្រគូប, ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅដល់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ ដែលមានប្រវែងជាង១៨៥គីឡូម៉ែត្រ និងផ្លូវលំជនបទក្រាលកៅស៊ូ មានប្រវែង១,២៥៥គីឡូម៉ែត្រ។

លោក ម៉ៅ ធនិន បន្តថា ក្រៅពីនេះក៏នៅមានប្រព័ន្ធធារាសាស្ត្រតូចធំខ្វាត់ខ្វែង ដែលបាននឹងកំពុងបម្រើការប្រើប្រាស់ ស្រោចស្រពផលដំណាំ កសិកម្ម និងសត្វសត្វពាហនៈ យ៉ាងណាមិញសមិទ្ធផលជាក់ស្តែង នៅក្នុងសង្កាត់ផ្ទះព្រៃ និយាយរួម និងនិយាយដោយឡែក នៅក្នុងភូមិចំការចេកខាងជើង និងភូមិចំការខាងត្បូង ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ បានស្ថាបនារួចរាល់នូវផ្លូវក្រាលកៅស៊ូ ដែលមានប្រវែង៥គីឡូម៉ែត្រ ចំនួន៧ខ្សែនេះផ្ទាល់។

លោកអភិបាលខេត្តបានបន្ថែមថា «ទាំងនេះក៏ដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធាសំបូរសប្បាយជាងមុន និងទទួលបាន ភាពល្អប្រសើរ លើកត្តាជាច្រើនផ្សេងៗទៀត»៕