(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខុទ្ទកាល័យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មានទេបដិវត្តន៍ពណ៌ នៅលើទឹកដីប្រទេសកម្ពុជា ហើយបានអំពាវនាវឲ្យពលរដ្ឋ នៅទូទាំងប្រទេស កុំចាញ់បោកជនអគតិមួយចំនួននាំឲ្យបំផ្លាញសង្គមជាតិ»

ថ្លែងយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ត្រូវបានធ្វើឡើងក្នុងពិធី​ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជន និង​គ្រួសារបក្សជាង៣,០០០នាក់ ​ក្នុងឃុំព្រះនិពាន្វ ស្រុកគងពិសី នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាន​កោតសរសើរ ប្រធានគណបក្សស្រុក អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក៏ដូចជា កងកម្លាំងប្រដាប់ និង​ប្រជាការពារ​ទាំងអស់ ហើយលោកក៏បាន​​ នាំនូវការផ្តាំផ្ញើការសាកសួសុខទុក្ខ​​ពីសម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ​សែន ជូនចំពោះពុកម៉ែបងប្អូន​ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និង​គ្រួសារបក្សផងដែរ​។

នាយឧត្តមសេនីយ៍ ក៏បានរំលឹកឡើងវិញ​ពី ប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុតដែលប្រជា​ពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត​ ជាក់ស្តែង​វត្តអារាម និងសាលារៀនទូទាំងស្រុកគងពិសីនេះតែម្តង ជាទីកន្លែងដែលលោក បានសិក្សារៀនសូត្រនៅទីនេះស្រាប់គឺ ត្រូវបានបំផ្លាញខ្ទេចខ្ទី គ្មានសល់ទេ ក្នុងកាលៈទេសៈដ៏សែនលំបាកវេទនា ដោយពុំដែលឃើញមានគណបក្សនយោបាយ ឬជនមួយចំនួន ដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបី ដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ​ ពីគំនរផេះផង់​។

លោក ហ៊ីង ប៊ុនហៀង បានសង្កត់ធ្ងន់ថា «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេច​តេជោ ជាប្រមុខដឹកនាំ​បានខិតខំ​ ពុះពារ​ គ្រប់ឧបសគ្គ ការលំបាកនានា រក្សាបាននូវ​សុខសន្តិភាពស្ថេរភាព​ រហូត​​អភិវឌ្ឍ​​ប្រទេសជាតិឈានឆ្ពោះទៅរក ការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ហើយបើគ្មានគោលនយោបាយឈ្នះ​​ឈ្នះ​​​ទេ​ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះក៏នៅមិនទាន់ចប់ផង សូមពុក​ ម៉ែ​ បងប្អូនក្មួយៗ​ ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ក្នុងន័យ បំផ្លាញសុខសន្តិភាពដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច​ តែង​តែលើកតម្កើងថ្ងៃ២៣​ តុលា​ ដោយចោទ​រាជរដ្ឋាភិបាលកម្ពុជាថា បាន​រំលោភ​កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស​ ២៣តុលា ១៩៩១។ ក្នុងចំណុចនេះ សូមបញ្ជាក់ជូន​ ពុក​ ម៉ែ​ បង​ ប្អូន​ ឲ្យបានច្បាស់ថា​ បើគ្មានថ្ងៃ​​៧​ មករា​ទេ​ ក៏គ្មាន​កិច្ចព្រមព្រៀងសន្តិភាព ២៣​តុលា ក៏គ្មាន សិទ្ធិមនុស្ស គ្មានសិទ្ធិរស់រានមានជីវិត សិទ្ធិផ្សេងៗទៀត ហើយក៏គ្មាន​សុខសន្តិភាព​ស្ថេរភាព​ និងការអភិវឌ្ឍ​រីកចម្រើន​លូតលាស់លើគ្រប់វិស័យ​​ ដូចសព្វថ្ងៃនេះនោះដែរ»

នាយឧត្តមសេនីយ៍រូបនេះ បញ្ជាក់ម្តងហើយម្តងទៀតថា គ្មានទេបដិវត្តន៍ពណ៌ នៅក្នុងទឹកដីនៃប្រទេសកម្ពុជា ហើយលោកបានផ្តាំឲ្យកូនៗ ក្មួយៗ យុវជន ត្រូវចូលរួមជួយសង្គម តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន សំខាន់បំផុតមួយទៀត គឺត្រូវមានការចូលរួមសហការពីក្រុមគ្រួសារ ចំពោះបញ្ហាអ្នកញៀនថ្នាំផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយក​របស់សម្តេច​តេជោ ​ជូនសមាជិក និងក្រុមគ្រួសារបក្សក្នុងម្នាក់ៗ ២ម៉ឺនរៀល និងឧបត្ថម្ភ​សាលាស្រុកគងពិសី ១លានរៀល, នគរបាល ៦០ម៉ឺនរៀល, កងរាជអាវុធហត្ថ ៤០ម៉ឺនរៀល, ប្រជាការពារ ៤០ម៉ឺនរៀល និងសឹងរង ៤០ម៉ឺនរៀល៕