(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងកំណើនទេសចរជាតិ និងអន្តរជាតិ ដែលកំពុងបន្តកើនឡើង នៅក្នុងប្រទេសកម្ពុជា ក្រសួងទេសចរណ៍ បានបង្កើតកម្មវិធីនានា ដើម្បីជំរុញដល់ ការរៀបចំបង្គន់ សាធារណៈ ឆ្លើយតបនឹងតម្រូវការទាំងនោះ។ ជាក់ស្តែង កាលពីម្សិលមិញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា និងកូរ៉េ (CKCC) ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកម្មវិធីផ្សព្វផ្សាយ ការប្រកួតប្រជែងស្ថាបត្យកម្មរចនាបថ «បង្គន់សាធារណៈកម្ពុជា» សម្រាប់តំបន់ទីក្រុង និងទីប្រជុំជន ដោយមានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យ និងនិស្សិតផ្នែកស្ថាបត្យកម្ម និងសំណង់ មកពីមហាវិទ្យាល័យ និងវិទ្យាស្ថានចំនួន១០ នៅរាជធានីភ្នំពេញ។

ការររៀបចំកម្មវិធីប្រកួតប្រជែងស្ថាបត្យកម្មរចនាបថ «បង្គន់សារធារណៈកម្ពុជា» លើកទី០១នេះ ត្រូវបានក្រសួងប្រកាសថា គឺដើម្បីជំរុញឲ្យមានការចូលរួម ក្នុងចលនា ប្រឡងប្រណាំង ទីក្រុងស្អាត លើកទី០២ និងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ ស្អាតអាស៊ានលើកទី០១ ព្រមទាំងជំរុញការអនុវត្តស្តង់ដារ «បង្គន់សាធារណៈកម្ពុជា» និងស្តង់ដារ «បង្គន់សាធារណៈអាស៊ាន»។

បច្ចុប្បន្ន ដោយសារកំណើនភ្ញៀវទេសចរច្រើន តម្រូវការបង្គន់សាធារណៈដែលស្អាត និងប្រកបដោយផាសុខភាព ក៏កាន់តែក្លាយជាប្រធានបទមួយដែលគួរយកចិត្តទុកដាក់ ពិសេសដើម្បីចូលរួមពង្រឹងដល់ការរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងភ្ញៀវទេសចរ។ ម្យ៉ាងទៀត បង្គន់សាធារណៈជាកត្តាចម្បងមួយ ដើម្បីបញ្ចៀស ការបន្ទរបង់ពាសវាលពាសកាលនាំឲ្យប៉ះពាល់ រដល់សោភណភាព ភាពស្អាត និងសុខភាពមនុស្ស សត្វ ពិសេសបរិស្ថាននៅជុំវិញខ្លួនផងដែរ។ ជាក់ស្តែង ប្រជាពលរដ្ឋ ដែលពុំមានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ អាចបណ្តាលឲ្យមានជំងឺ និងប៉ះពាល់ដល់បញ្ហាសុខភាពជាច្រើនទៀតផង។

ជាទូទៅ មនុស្សត្រូវការប្រើប្រាស់បង្គន់សាធារណៈ នៅពេលដែលពួកគេចាកចេញពីគេហដ្ឋាន។ កង្វះខាតបង្គន់សាធារណៈ អាចបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់គ្រួសារ ដែលមានក្មេងតូច ចាស់ជរា និងមនុស្សដែលមានជំងឺ។ មនុស្សមួយចំនួនគេចវេស ឬស្ទាក់ស្ទើរនៅក្នុងការធ្វើដំណើរ ឬចូលរួមក្នុងសកម្មភាពសង្គម នៅពេលដែលនៅតាម ទីសាធារណៈមានភាពខ្វះខាតបង្គន់សាធារណៈ។

ជំនួសមកវិញ ការរៀបចំឲ្យមានបង្គន់សាធារណៈគ្រប់គ្រាន់ នឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមមនុស្សជាច្រើន នៅក្នុងសង្គមរបស់យើង ដូចជា មនុស្សចាស់ជរា ជនពិការ ស្រ្តី (ពិសេសស្រ្តីមានផ្ទៃពោះ) គ្រួសារដែលមានកុមារតូចៗ និងភ្ញៀវទេសចរ។ ការរៀបចំឲ្យមានបង្គន់សាធារណៈ ក៏ផ្តល់នូវអត្ថប្រយោជន៍ដល់អាជ្ញាធរមូលដ្ឋានផងដែរ ក្នុងការបង្ហាញពីការយកចិត្តទុកដាក់ក្នុងការពង្រឹង និងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងបន្ថែមពីនេះបង្កើននូវភាពទាក់ទាញ និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលកំសាន្តទស្សនា ក្នុងតំបន់នៅពេលសេវាបង្គន់សាធារណៈត្រូវបានផ្តល់ឲ្យប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់៕