(ប៉ៃលិន)៖ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ត្រី ពាណិជ្ជកម្មខេត្តប៉ៃលិន រួមទាំងអាជ្ញាធរ បានចូលរួមពន្យល់ស្តីពីចំណេះដឹងពីសុខសុវត្ថិភាព មុខម្ហូបអាហារ មុខទំនិញផ្សេងៗ ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង៦០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ដែលបញ្ហាទាំងនេះ នាំឲ្យខាតបង់ថវិកា ខូចសុខភាព​ពេលបរិភោគម្ហូបអាហារ និងនំចំណីគ្មានអនាម័យ និងខូចគុណភាព។

លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា «នាព្រឹកនេះមន្ត្រីជំនាញយើងបានចុះមកអប់រំ ផ្តល់ចំណេះដឹង និងធ្វើបទបង្ហាញនានា ដើម្បីពន្យល់ដល់ប្អូនៗ សិស្សានុសិស្ស នៅវិទ្យាល័យហ៊ុន សែន សាលាក្រៅ ខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីសុខ សុវត្ថិភាពម្ហូបអាហារ មុនទំនិញ បំណងចង់អោយក្មួយៗ ផ្សព្វផ្សាយបន្តទៅកាន់មិត្តភក្តិ បងប្អូន និងអ្នកដទៃដែលរស់នៅក្នុងមូលដ្ឋាន»

ប្អូនស្រី សុ នីតា អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១១ បានឲ្យដឹងថា «ថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានទទួលនូវចំណេះដឹង បន្ថែមពីលោកពូៗ មន្ត្រីកាំកុងត្រូល បានចុះមកដល់សាលាខ្ញុំ នេះជាលើកទី១ ហើយដែលបានទទួលនូវចំណេះដឹងខាងលើនេះ ហើយខ្ញុំនឹងបន្តផ្សព្វផ្សាយ ចំណេះដឹងនេះទៅកាន់អ្នកនៅក្បែរខ្ញុំ បងប្អូនខ្ញុំ ជាពិសេសម្តាយ ឪពុករបស់ខ្ញុំនៅពេលដែលបានស្តាប់ការពន្យល់រួច»

លោកគ្រូអ្នកគ្រូទាំងអស់ បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះមន្ត្រីជំនាញកាំកុងត្រូល ចុះអនុវត្ត និងធ្វើបទបង្ហាញពីសុខ សុវត្ថិភាព មុខម្ហូបអាហារ​ ដើម្បីបញ្រ្ជាប់នូវចំណេះដឹងផ្នែកសុខភាពម្ហូបអាហារ ដល់សិស្សានុសិស្សទាំងអស់ ឲ្យបានយល់ពីផលប៉ះពាល់ដល់សុខភាពនូវ​ការទទួលទានម្ហូបអាហារដែលខូចគុណភាព និងមានជាតិគីមី។​

នាពេលនោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យចំពោះការដាក់តាំងលក់នំចំណី នៅក្នុងវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ និងបានដកហូតទំនិញមួយចំនួន និងបានឲ្យអាជីវករធ្វើកិច្ចសន្យា និងផ្តិតមេដាយបញ្ឈប់យកទំនិញគ្មានគុណភាព មិនដាក់លក់ឲ្យប្អូនៗ សិស្សានុសិ្សបន្តទៀត បើសិនជាឃើញមានលើកក្រោយៗទៀត មន្ត្រីជំនាញនឹងចាត់ការតាមនិតិធីច្បាប់ជាធរមាន។

លោកស្រី ជា លាភ បានអំពាវនាដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ឆ្លើយទេចំពោះគ្រឿងញៀន និងការចំណាកស្រុកទាំងប្រថុយប្រថាន ទៅកាន់ប្រទេសខាង ប្រទេសថៃ ដែលបង្កឲ្យយើងជួបគ្រោះថ្នាក់ដោយយថាហេតុ។

ក្នុងវគ្គផ្សព្វផ្សាយខាងលើនេះ មានកាដូកំដរដៃមានមានទឹកសុទ្ធ នំកញ្ចប់ និងមានសំណួរ និងឆ្លើយចម្លើយរវាងមន្ត្រីកាំកុងត្រូល ជាមួយប្អូនៗ សិស្សានុសិស្ស ត្រូវទទួលបានប៊ិច១ដើម សៀវភៅ១ក្បាល់ និងបានផ្តល់សៀវភៅ ចំនួន១០០ក្បាល ប៊ិចចំនួន១០០ដើម ទុកសំរាប់ប្អូនៗ និងលោកគ្រូ អ្នកគ្រូ សំរាប់ប្រើប្រាស់ក្នុងសាលា៕