(ស្ទឹងត្រែង)៖ ទីតាំងលក់ហ្គាសមួយកន្លែង ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលមានយីហោ «ហេងហួរ» កំពុងតែបង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនោះ ដោយសារតែពួកគាត់ខ្លាចក្រែង មានគ្រោះអគ្គិភ័យកើតឡើង ដោយយថាហេតុ។

ប្រជាពលរដ្ឋ រស់នៅក្បែរខាងនោះ បានរៀបរាប់ឲ្យដឹងថា ទីតាំងស្ដុកហ្គាសនេះ ធ្លាប់មានផ្ទុះជាច្រើនលើកមកហើយ។ ពួកគាត់ក៏ធ្លាប់បានជូនដំណឹងដល់អាជ្ញាធរ ឲ្យជួយមានវិធានការសមស្របមួយផងដែរ តែមិនមានប្រសិទ្ធភាព។

ប្រជាពលរដ្ឋ បានបន្តទៀតថា សូម្បីតែបោះសំរាមគរដុតនៅផ្ទះពួកគាត់សោះ ក៏មិនបានផង ឬក៏មានកម្មវិធីហូបចុកអាំងសាច់ ជាលក្ខណៈគ្រួសារ ក៏មិនបានដែរ គឺពួកគាត់មានហានិភ័យខ្ពស់ណាស់ ដោយសារតែទីតាំងស្ដុកហ្គាសខាងលើនេះ។ ប្រជាពលរដ្ឋរស់នៅទីនោះ ក៏បានសំណូមពរឲ្យមានការស្ដុកហ្គាសឲ្យមានកំរិត ហើយបើមិនដូច្នោះទេ សូមឲ្យស្ថាប័នពាក់ព័ន្ធ មានវិធានការទៅលើអាជីវកម្មលក់ហ្គាសនេះផង។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ មន្ទីររ៉ែ និងថាមពល និងមន្រ្តីតុលាការ បានចុះមកសម្របសម្រួល និងណែនាំ ទៅដល់ម្ចាស់ហាងស្ដុកហ្គាសនេះឲ្យធ្វើបានត្រឹមត្រូវ ទៅតាមបច្ចេកទេសដែលមន្ទីរបានដាក់ឲ្យ ចៀសវាងកើតគ្រោះថ្នាក់ដោយយថាហេតុ៕