(ពោធិ៍សាត់)៖ សមិទ្ធផលសំណង់ចំនួន៣ ក្នុងវត្តសុវណ្ណម៉ូលី នៅខេត្តពោធិ៍សាត់ ដែលចំណាយអស់ថវិកា ជាង១ម៉ឺន៥ពាន់ដុល្លារ ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោមអធិបតីភាពលោក ហេង សុខគង់ ជាប្រធាន ស.ស.យ.ក ខេត្តពោធិ៍សាត់ ដើម្បីជាប្រយោជន៍បម្រើដល់សង្គម និងប្រជាពលរដ្ឋមូលដ្ឋាន។

សមិទ្ធផលដែលត្រូវបានសម្ពោធក្នុងថ្ងៃនេះ ដែលរួមមានឈាបនដ្ឋានមួយកន្លែង មានបណ្តោយ៦ម៉ែត្រ ទទឹង២ម៉ែត្រ និងកម្ពស់៨ម៉ែត្រ សាងសង់ក្នុងទឹកប្រាក់ ៤៨,៤៤២,០០០រៀល សាលាធម្មសង្វេគមួយកន្លែង មានបណ្តោយ៩ម៉ែត្រ និងទទឹង៤ម៉ែត្រ សាងសង់អស់ទឹកប្រាក់ ១៦,៦៤០,០០០រៀល និងឆាកដែក ទំហំ៧ម៉ែត្រ ៦ម៉ែត្រ រួមជាមួយតុ និងបង់ថ្ម ដែលចំណាយអស់ទឹកប្រាក់ ៦,៨១២,៧០០រៀល។

ថវិកាចំណាយទាំងអស់នេះ គឺបានមកពីការឧបត្ថម្ភគាំទ្រដោយផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ានី និងលោកស្រី, លោក លី ឆេង សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តពោធិ៍សាត់ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ស.ស.យ.ក ថ្នាក់ខេត្ត ក្រុង-ស្រុក និងឃុំ នៃខេត្តពោធិ៍សាត់ ក៏ដូចជាសប្បុរសជនចំណុះជើងវត្ត ក៏ដូចជាសប្បុរសជន។

ពិធីនេះប្រព្រឹត្តទៅក្នុងវត្តសុវណ្ណម៉ូលី ស្ថិតនៅក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ លោក ហេង សុខគង់ ប្រធាន ស. ស.យ.ក ខេត្ត ព្រះសង្ឃ លោកតា លោកយាយ ក្រុមគ្រួសារ ស.ស.យ.ក ថ្នាក់ខេត្ត ស្រុក និងឃុំ ក្រុមកាយឫទ្ធិ កាកបាទក្រហម សិស្សានុសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្ត ១,២០០នាក់។

លោក ហេង សុខគង់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការអាចារ្យវត្ត លោកតា លោកយាយ និងសប្បុរសជនជិតឆ្ងាយ និងមិត្តភក្តិទាំងអស់​ ជាពិសេសក្រុមគ្រួសារ ស.ស.យ.ក គ្រប់លំដាប់ថ្នាក់ និងនៅទីនេះ មានលោកស្រី មិត្ត សុភាព ជាប្រធាន, លោក ពេញ ពន អនុប្រធាន និងសហការី ស.ស.យ.ក ស្រុកក្រគរ ដែលតែងតែរួមគ្នាជាធ្លុងមួយ ដើម្បីបម្រើដល់សង្គមជាតិ និងប្រជាជនកម្ពុជាមិនខ្លាចការនឿយហត់។ លោកបានស្នើឱ្យអនុវត្តស្មារតីនេះបន្តទៀត ក្នុងនាមក្រុមគ្រួសារដ៏ធំនៃ ស.ស.យ.ក ដែលមានលោក ហ៊ុន ម៉ានី ជាប្រធានដឹកនាំដ៏ឆ្នើម។

លោកបានគូសបញ្ជាក់ថា មូលហេតុនៃគំនិតផ្តួចផ្តើម ក្នុងការសាងសង់នេះបានកើតឡើងកាលពីឆ្នាំ២០១៤ ពេលដែលលោក និងសហការី ចុះមកដាំដើមឈើក្នុងវត្តសុវណ្ណម៉ូលី និងតំបន់ជុំវិញនេះបានឃើញថា នៅក្នុងឃុំនេះ ពីមុនមកប្រជាពលរដ្ឋមួយចំនួន​ ពុំមានកន្លែងបូជាសពនោះទេ បើមានមនុស្សស្លាប់​ គឺត្រូវបូជាសពនៅផ្ទះផ្ទាល់តែម្តង ហើយគ្រួសារខ្លះទៀត ក៏យកទៅបូជានៅវត្តឆ្ងាយពីឃុំខ្លួនរស់នៅ។ ដោយមើលឃើញពីការលំបាកនេះ ទើបលោក និងសហការីរួមជាមួយមិត្តភក្តិ ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តបានសម្រេចចិត្ត ក្នុងការប្រមែប្រមូលមូលនិធិ សម្រាប់កសាងឈាបនដ្ឋាននេះឡើង។

លោក ខូយ រីដា បានកោតសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃថ្មីមួយទៀត ដែលបានដាក់ឱ្យសម្ពោធ នាថ្ងៃនេះ របស់ ស.ស.យ.ក ខេត្តពោធិ៍សាត់។ លោកបន្តថា ក្រុមយុវជន ស.ស.យ.ក ខេត្តពោធិ៍សាត់ គឺជាគំរូមួយ ដ៏ល្អសម្រាប់យុវជនផ្សេងទៀតយកគម្រូតាម ជាមួយនិងសមិទ្ធផលជាច្រើន ត្រូវបានកកើតឡើងជាបន្តបន្ទាប់ តាំងពីវិស័យកីឡា ដូចជា ពានរង្វាន់យុវជន៧មករា វិស័យបរិស្ថាន ការសម្អាតបរិស្ថាន និងយុទ្ធនាការយុវជនមួយនាក់ ដើមឈើមួយដើមដែលគ្រាន់តែនៅស្រុកក្រគរមួយនេះ បានដាំដើមឈើរហូតដល់ទៅ ជាង៤ពាន់ដើម វិស័យវប្បធម៌ វិស័យអប់រំ ការបណ្តុះបណ្តាលបំប៉នបន្ថែមសិស្សថ្នាក់ទី១២ ការអង្កេតការប្រឡង និងការផ្តល់អាហារូបករណ៍ប្រមាណ ជិត៤០០នាក់ ចាប់ពីឆ្នាំ២០១២មក និងការរកការងារឱ្យយុវជនធ្វើជាដើម និងនៅមានការងារជាច្រើនទៀតដឹងរៀបរាប់មិនអស់។

នៅក្នុងឱកាសនោះ គណៈអធិបតីក៏បានចែកជាអំណោយរបស់ លោក ហ៊ុន ម៉ានី ជូនដល់លោកតា លោកយាយ២០០នាក់ ម្នាក់ៗទទួលបានក្រម៉ាមួយ ថ្នាំប៉ារ៉ា២បន្ទះ មុលទីវីតាមីន២បន្ទះ និងថវិកា៥ពាន់រៀល លោកគ្រូ អ្នកគ្រូ៦នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងថ្នាំប៉ារ៉ា២បន្ទះ និងមុលទីវីតាមីន២បន្ទះ យុវជនកាកបាទក្រហម កាយឫទ្ធិ និងសិស្សានុសិស្ស ៣០០នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរ ២ក្បាល ប៊ីច២ដើម និងថ្នាំប៉ារ៉ា និងមុលទីវីតាមីន២បន្ទះ ប្រជាការពារ២0នាក់ ទទួលបានថវិកា ៥ពាន់រៀល ក្នុងម្នាក់ និងថ្នាំពេទ្យ ក៏ដូចជាពុទ្ធបរិស័ទចូលរួមចំនួន ៦០០នាក់ ផ្សេងទៀតក៏ទទួលបានថ្នាំពេទ្យគ្រប់ៗគ្នាផងដែរ។ ក្រៅពីនេះ គណៈអធិបតីក៏បានប្រគេនបច្ច័យជូនវត្តសុវណ្ណម៉ូលី ចំនួន ១,២០០,០០០រៀល ផងដែរ៕