(សៀមរាប)​៖ សិក្ខាសាលាស្តីពីអាករលើតម្លៃបន្ថែម អាករពិសេស អាករបំភ្លឺសាធារណៈ និងវិធានការប្រើប្រាស់វិក្ក័យបត្រ ត្រូវបានរៀបចំឡើង ដោយអគ្គនាយកដ្ឋាន ពន្ធដារសហការជាមួយ សាខាពន្ធដារខេត្តសៀមរាប ដែលបានព្រឹត្តិទៅនៅសណ្ឋាគារ អង្គរ ប៉ារាឌី នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ​លោក ខួយ ឈីន ប្រធានសាខាពន្ធដារខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ ​ក្រុមហ៊ុន អាជីវករ អជីវកម្មជាច្រើនរយនាក់ផងដែរ។

​លោក ខួយ ឈីន ប្រធានសាខាពន្ធដារខេត្តសៀមរាប បានបញ្ជាក់ថា​ ការធ្វើសិក្ខាសាលានេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវបទបញ្ញាត្តិ ស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុទ្ធនានា ដែលពាក់ព័ន្ធនឹងការប្រមូលពន្ធនេះ សំដៅជំរុញឲ្យមានចូលរួមគាំទ្រ នឹងពង្រឹងកិច្ចសហប្រតិបត្តការណ៍ ឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ និងផ្តល់សេវាកម្មអ្នកជាប់ពន្ធ ដែលជាម្ចាស់ក្រុមហ៊ុន ឲ្យបានកាន់តែប្រសើរឡើងមួយកម្រិតទៀត។

​លោកបន្ថែមថា សាខាពន្ធដារខេត្តមានជំនឿយ៉ាងមុតមាំថា សិក្ខាកាមដែលបានចូលរួមទាំងអស់ ជួយជ្រោមជ្រែងការអនុវត្តបទបញ្ញាត្តិ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដែលពាក់ព័ន្ធ​ការប្រមូលពន្ធខាងលើ តាមរយៈរាល់ឯកសារ​ទាំងអស់ ដែលមាននៅក្នុងដៃនាពេលនេះ អាចជួយដល់លោក លោកស្រីជាម្ចាស់ក្រុមហ៊ុន អាចកាត់បន្ថយបាននូវរាល់បញ្ហាប្រឈមមុខនានា ក្នុងរយៈពេលកន្លងមកនោះ សំដៅដល់បន្តពង្រឹងកិច្ចសហការក្នុងការប្រមូលពន្ធ របស់សាខាពន្ធដារខេត្ត។

សាខាពន្ធដារខេត្តសៀមរាប និងអគ្គនាយកដ្ឋានពន្ធដារ តែងតែផ្តោតការយកចិត្តទុកដាក់​ជានិច្ច រាល់ការលំបាក និងជួយសម្រួលដល់បែបបទ តាមផ្លូវច្បាប់ក្នុងនីតិវិធីនានា ទៅតាមសំណូមពរជាក់ស្តែង របស់ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលជាអ្នកប្រកបអាជីវកម្ម និងវិនិយោគិនជាដើម ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការប្រកបមុខរបរទទួលទាន ឲ្យទទួលបានផលល្អប្រសើរ និងមានស្ថេរភាពជានិរន្តន៍។

​កាលណាប្រជាពលរដ្ឋរកទទួលទានមានហើយ នាំឲ្យពួកគាត់មានលទ្ធភាពបង់ពន្ធ ជូនរដ្ឋកាន់តែច្រើន អាចធ្វើឲ្យរាជរដ្ឋាភិបាលមានប្រាក់គ្រប់គ្រាន់ សម្រាប់ការអភិវឌ្ឃន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គម ឲ្យកាន់តែប្រសើរឡើងទ្វេដងថែមទៀត។ យើងទាំងអស់គ្នា នឹងឃើញនូវរបៀបរបបការងារកាន់តែប្រសើរឡើង គឺមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាព ដែលនាំឲ្យការសហការ​រវាងស្ថាប័នសាធារណៈ និងផ្នែកឯកជនកាន់តែ មានភាពរលូនផងដែរ​៕