(ពោធិ៍សាត់)៖ បុរសវ័យ៥៧ឆ្នាំម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ យ៉ាងអណោចអធ័ម ពេលកំពុងដើរព្រួសស្រូវកណ្តាលវាលស្រែ ខណៈមេឃកំពុងរលឹម ដែលហេតុការណ៍ ដែលគួរឲ្យអាសូរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ នៅក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក​វរសេនីយ៍ត្រី ​ហ៊ួន ​ហាំង ​មេបញ្ជាការ​រង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បាកាន ​បាន​ប្រាប់​ភ្នាក់ងារ ​Fresh ​News ​ឲ្យដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ ​ព្រុំ ​ស៊ី​ម ​ភេទប្រុស ​អាយុ ​៥៧ឆ្នាំ ​ជា​ប្រជាកសិករ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​មុន​ពេល​កើតហេតុ ​មាន​ខ្យល់​កន្រ្តាក់ ​លាយឡំ​ជាមួយ​ភ្លៀង​រលឹម​ស្រិច​ៗ ​ជនរងគ្រោះ​បាន​យក​ស្រូវ​ដែល​បាន​ត្រាំ​រួច ​ទៅ​ព្រោះ​នៅក្នុង​ស្រែ​នៅ​ចំណុច​កើតហេតុ​ខាងលើ ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​រន្ទះបាញ់​ចំ​គាត់​តេ​ម្តង ​បណ្តាល​ឲ្យ​ជាំ ​និង​ហូរឈាម​តាម​ត្រចៀក ​រហែក​សំលៀកបំពាក់​ស្លាប់​តែម្តង​។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសលវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់មែន រួចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕