(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំ​ក្រុមប្រឹក្សាសង្កាត់ជើងឯក ចុះសំណេះសំណាលសួរ​សុខទុក្ខតាមខ្នងផ្ទះ និង​នាំយកអំណោយរបស់ កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋកី្រក្រ​២៨គ្រួសារ ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។

លោកបានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ដែលជានិច្ចកាលសម្តេចតែងគិតគូដល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា កុមារកំព្រាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍។

លោកអភិបាល ​ក៏ការសាកសួរសុខទុក្ខពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនដល់លោកតាលោកយាយបងប្អូនទាំងអស់ ព្រមទាំងបានលើកឡើង អំពីការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ នៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋានខណ្ឌ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន​។

​លោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ​​បានផ្តាំផ្ញើ​ដល់លោកតាលោកយាយ បងប្អូនទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាព អនាម័យការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីរស់នៅបានយូរអង្វែង និងមានសុខភាពល្អ បន្តមើលការអភិវឌ្ឍន៍របស់ប្រទេសជាតិ​៕