(ភ្នំពេញ)៖ ថ្លែងចេញពីក្រសួងយុត្តិធម៌នៅក្នុងវេទិកាជួបជុំវគ្គពិសេស ជាមួយអ្នកកាសែតនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ មន្រ្តីជាន់ខ្ពស់ ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានប្រកាសជាសាធារណៈប្រាប់ ដល់ក្រុមអ្នកសារព័ត៌មានជាច្រើនរូប ដែលចូលរួមនៅទីនោះថា ធ្វើជាអ្នកកាសែត មិនត្រូវបន្លំខ្លួនយកព័ត៌មាន ហើយចូលទៅពាក់ព័ន្ធនឹងបទល្មើសផ្សេងៗទេ ប្រសិនបើប្រព្រឹត្តបទល្មើសនោះ នឹងត្រូវមានទោសទៅតាមផ្លូវច្បាប់ ហើយមិនអាចនិយាយថា ខ្លួនជាអ្នកកាសែតនោះទេ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ដដែលរូបនោះបានបញ្ជាក់ជាឧទាហរណ៍ថា៖ «ឥឡូវអ្នកកាសែតចង់បានព័ត៌មាន....ដើម្បីបានព័ត៌មានពីការលេងល្បែង ស៊ីសង គាត់ចូលអង្គុយលេងដែរ ប៉ូលិសអត់ដឹងគាត់ចូលទៅគាត់យកទាំងអស់...អីខ្ញុំអ្នកកាសែតមកយកព័ត៌មានអត់ទេ...បទល្មើសល្បែងស៊ីសង, ចង់បានព័ត៌មានពីបណ្តាញគ្រឿងញៀន ចូលទៅទិញថ្នាំញៀននឹងគេ..ប៉ូលិសចូលទៅអូសទាញក្រឹប អ្ហេខ្ញុំអ្នកកាសែតអត់ទេ ពាក់ផ្លាកកាសែតក៏ជាប់ដែរ អាហ្នឹងច្បាប់ព្រហ្មទណ្ឌ....»។ (សូមស្តាប់ការលើកឡើងរបស់លោក កើត រិទ្ធ)

ជាងនេះទៅទៀតលោក កើត រិទ្ធ បានបន្ថែមថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌជនសង្ស័យ មានសិទ្ធិស្វែងរកមេធាវីដើម្បីការពារ ក៏ប៉ុន្តែមេធាវី គ្មានសិទ្ធិចូល ឆ្លើយ បំភ្លឺជំនួសជនសង្ស័យបាននោះទេ។ ចំណែកច្បាប់រដ្ឋប្បវេណី គេអាចឲ្យមេធាវីចូលជំនួសបានជាតំណាងដោយអាណត្តិ ហើយរឿងរដ្ឋប្បវេណីត្រូវតែ មានមេធាវី បើអត់មេធាវី​គឺមិនបានទេ។

ការលើកឡើងអំពីការបន្លំខ្លួនរបស់អ្នកកាសែតចូលទៅប្រពឹត្តបទល្មើស និងការចូលខ្លួនបំភ្លឺរបស់ជនសង្ស័យ ពីសំណាក់មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ខាងលើនេះ ធ្វើឡើងស្របពេលលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានបន្លំចូលពន្ធនាគារព្រៃស ដើម្បីជួបអ្នកទោសកាល ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។ ហើយការបន្លំខ្លួនត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង​ សុខ ចេញដីកាកោះហៅ ឲ្យចូលបំភ្លឺ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងនាមជាជនសង្ស័យ។

ប៉ុន្តែនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះលោកមិនបានចូលបំភ្លឺនោះទេ។ ហើយត្រូវបានអយ្យការបានចេញសេចក្តីថ្លែងការណ៍ និងបញ្ជាឱ្យសមត្ថកិច្ច នាំខ្លួនលោក ជុន ច័ន្ទបុត្រ ចូលខ្លួននៅតុលាការ និងសម្រេចបន្តចាត់ការលើសំណុំរឿងទៅលើឈ្មោះ ជុន ចន្ទ័បុត្រ ជាជនសង្ស័យដោយអនុវត្ត ស្របតាមបទបញ្ញត្តិ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ៕ (សូមស្តាប់ការលើកឡើងរបស់លោក កើត​ រិទ្ធ)៖