(ភ្នំពេញ)៖ លោក Nobuo KISHI អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី២ ខែ ឧសភា ឆ្នាំ​២០១៧នេះ បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសខ្លួន ក្រោយពេលកម្ពុជាបញ្ចប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបរវាងទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Nobuo KISHI អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីស្តីការក្រសួងការបរទេសថា ការអញ្ជើញនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងជប៉ុន ឲ្យកាន់តែល្អប្រសើរថែមទៀត។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្ដែងការរីករាយចំពោះការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ហើយលោកនឹង​ពាំនាំការអញ្ជើញនេះ ទៅជម្រាបសម្ដេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេច។

ក្នុងកិច្ចពិភាក្សានារសៀលមិញនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក Nobuo KISHI ក៏បានពិភាក្សាគ្នា ពីការពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យទេសចរ និងវិនិយោគិន ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌ អាស៊ាន-ជប៉ុន។

សូមបញ្ជាក់ថា គ្រាដែលរដ្ឋាភិបាលជប៉ុន អញ្ជើញឲ្យទៅបំពេញទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នាអំឡុងខែឧសភា នេះផងដែរ ដើម្បីចូលរួមវេទិកាវិថីមួយខ្សែវ៉ាត់មួយ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងទទួលបានប្រយោជន៍មួយចំនួនទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕