(សៀមរាប)៖ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌មួយខ្នង ជូនដល់គ្រួសារក្រីក្រមួយ នៅភូមិចំបកហែរ ឃុំកំពុងថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពិធីរៀបចំប្រគល់ផ្ទះខាងលើនេះ ត្រូវបានធ្វើឡើងដោយ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

ផ្ទះមនុស្សធម៌ទី១៤នេះ មានទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៨០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ជាអំណោយរបស់ សាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់ជូនគ្រួសារលោកពូ ជុក សារ៉ុន អាយុ ៦៦ឆ្នាំ ប្រពន្ធឈ្មោះ ប្រម ប៉ាច អាយុ ៦៣ឆ្នាំ ជាចាស់ជរា មានកូន៤នាក់ មានជីវភាពទីទ័លក្រ។ ក្រៅពីប្រគល់ផ្ទះនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅប្រគល់ជូនគ្រួសារ លោកពូ ជុក សារ៉ុន ផងដែរ ។

តាមសេចក្តីរាយការណ៍របស់សាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា គ្រួសាររបស់លោកពូអ្នកមីង ដែលមានកូនបង្កើត៤នាក់ បានបែកផ្ទះអស់៣នាក់ ហើយកូនស្រីម្នាក់ជាជនពិការភ្នែក និងមានជំងឺ ស្ថិតនៅក្នុងបន្ទុករបស់ ពួកគាត់ ដែលរកបានដោយខ្វះព្រឹកខ្វះល្ងាច ដោយរំពឹងពីបងប្អូនអ្នកជិតខាងទៀតផង។ ដោយឃើញលំនៅដ្ឋានទ្រុឌទ្រោម ធ្លុសធ្លាយមិនអាចរស់នៅបាននោះ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរឃុំ ស្រុក អនុសាខាកាក បាទក្រហមស្រុក និង សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសាងសង់ផ្តល់ផ្ទះមនុស្សធម៌ជូនដល់គ្រួសារគាត់ឲ្យបានស្នាក់នៅបានសមរម្យ ហើយក៏ជាផ្ទះទី១៤ របស់សាខាកាកបាទក្រហមខេត្ត ដែលសាងសង់អស់ថវិកាសរុប ១ពាន់២០០ដុល្លារ និង ជាផ្ទះទី១ នៅក្នុងស្រុកក្រឡាញ់នេះផងដែរ ។

ក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកស្រីបានបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារលោកពូ អ្នកមីងទាំងពីរ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសារលោកពូ នាពេលនេះ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង លោកបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។

លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានលើកទឹកចិត្តលោកពូ អ្នកមីទាំងពីរ កុំអស់សង្ឃឹមចំពោះវាសនារបស់ខ្លួន ទោះបីមានភាពជរាក៏ពិតមែន ក៏សង្គមជាតិមិនបោះបង់ចោលលោកពូអ្នកមីងទាំងពីរឡើយ ដោយយើងមានអាជ្ញាធរមូលដ្ឋាន ជាអ្នកគ្រប់គ្រងនៅជិតខ្លួន ។ ក្នុងនោះដែរលោកស្រី ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសព្វ ថ្ងៃបញ្ហាការបម្រែបម្រួលអាកាសធាតុ បានបង្កឲ្យនូវបាតុភូធម្មជាតិ។ ម៉្យាងទៀតរដូវវស្សាក៏ខិតចូលមកដល់ផងដែរ បងប្អូនត្រូវត្រៀម លក្ខណៈនូវសម្ភារៈកសិកម្ម ដើមី្បធ្វើការបង្កបង្កើនផល ដំណាំរួមផំ្ស និង នៅពេលមានភ្លៀង ផ្គរន្ទះ ខ្យល់កន្ទ្រាក់ មិនត្រូវប្រើប្រាស់ទូរស័ព្ទ គ្រឿងអេឡិចត្រូនិចឡើយ ដែលបង្កឲ្យគ្រោះថា្នក់ និង នៅពេលមានប្រធានសក្ត័ណាមួយកើតឡើង គឺត្រូវរត់ទៅរកទីកន្លែងសុវត្ថិភាព និង ត្រូវចេះធ្វើការថែទាំសុខភាព និង កូនតូចៗរបស់ខ្លួន នៅពេលមានជំងឺត្រូវបញ្ជូនកូនទៅកាន់មណ្ឌលសុខភាព និង ជម្រុញកូនៗរបស់ខ្លួនឲ្យបានទៅសិក្សារៀនសូត្រផងដែរ ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៏មានអំណោយបន្ថែមទៀត ជូនដល់គ្រួសារជនចាស់ជរាក្រីក្រខាងលើផងដែរ ក្នុងនោះមានអង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួននិងថវិកា២០ម៉ឺនរៀល ក្នុងនោះដែរ លោក អៀម សូវៀត ជាម្ចាស់ភោជនីយដ្ឋាន កោះកេរ្តិ៍ ក្រុងសៀមរាប បានឧបត្ថម្ភ នូវទូរទស្សន៍ ២១អ៊ិញ ១គ្រឿង ភួយ២ កន្សែងពោះគោ ២ ផងដែរ ។ សម្រាប់លោកតា លោកយាយ និង ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមពិធីម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕