(កំពង់ស្ពឺ)៖ ស្រ្តីជាប្រពន្ធ និងជាម្តាយគួរឲ្យស្រឡាញ់ម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈប្តី និងកូនប្រុសរងរបួសធ្ងន់ បន្ទាប់ពីពួកគេ ជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុករថយន្តធន់ធំ របស់ក្រុមហ៊ុនប្រេង LHR ចំពេលមេឃកំពុងធ្លាក់ភ្លៀងនៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះ៣នាក់ បានធ្វើដំណើរតាមរថយន្តកូរ៉េ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែដល់ចំណុចកើតហេតុ បានបុករថយន្តក្រុមហ៊ុនដឹកប្រេង LHR បណ្តាលស្រ្តីជាប្រពន្ធស្លាប់ ប្តីរងរបួសធ្ងន់ ខណៈកូនប្រុសអាយុប្រហែល១០ឆ្នាំ បានប៉ើងចេញពីរថយន្តតែម្តង។

បើតាមសេចក្តីរាយការណ៍ដដែល គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពេក មើលផ្លូវមិនឃើញ៕