(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌមានជ័យ បានចុះបង្រ្កោបជនសង្ស័យ ពេលឈរចែកចាយថ្នាំញៀនម្នាក់ នៅកន្លែងបុកប៊ីយ៉ែ ដោយឃាត់ឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀន នៅក្នុងហោប៉ាវខោខាងស្ដាំចំនួន៣០កញ្ចប់ថង់តូច។

ការបង្ក្រាបគ្រឿងញៀននេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៧នេះ ស្ថិតនៅចំណុចកន្លែងលេងបុកប៊ីយ៉ែតាមផ្លូវលំ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ គល់ ហង្ស អាយុ២៤ឆ្នាំ មុខរបរលក់ស្បែកជើងស្នាក់នៅផ្ទះលេខ២៩A តាមផ្លូវលំ ក្រុម២៩ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន៣០កញ្ចប់ ជារបស់ខ្លួនមែន បានទិញមកពីគេក្នុងតំលៃ៦០ម៉ឺនរៀល ហើយលក់វិញបាន៨០ម៉ឺនរៀល ចំណេញ២០ម៉ឺនរៀល។ ពេលខ្លួនឈរលក់នៅកន្លែងបុកប៊ីយ៉ែ ក៏ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង៕