(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកា៥,០០០ដុល្លារ សម្រាប់ព្យាបាលជំងឺ និងលោះផ្ទះ ដែលដាក់បញ្ចាំមកវិញ របស់ភរិយាអតីតសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ ស៊ឹម ឡុងហេង ដែលបានទទួលមរណភាពកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ដែលកាលនៅរស់ ប្តីលោកស្រី មានជម្ងឺ លើសឈាមផង ទឹកនោមផ្អែមផង ឡើងអាស៊ីតផង តេតាណូសផង ធ្វើឲ្យបាត់បង់សមត្ថភាពការងារ សម្រាកនៅផ្ទះ បាត់បង់ឱកាសរកចំណូល បង្កើនចំណាយ រំខានពេលវេលាអ្នកនៅមើលថែ បន្ថែមភាពលំបាក ដល់គ្រួសារ លក់អស់ទ្រព្យសម្បត្តិ ចុងក្រោយបញ្ចាំទាំងផ្ទះ យកលុយមើលជម្ងឺ នៅតែមិនអាចស្រោចស្រង់បាន។

ក្រោយពេលប្តីលោកស្រី អនិច្ចកម្មបាត់ បានបន្សល់ទុកនៅត្រឹមតែបំណុល លុះមកដល់ឥឡូវ លោកស្រីដែលជាប្រពន្ធ ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ ព្រោះមាជម្ងឺមហារីករ៉ាំរ៉ៃ ដំណាក់កាល ចុងក្រោយ រងចាំតែថ្ងៃស្លាប់ សល់ត្រឹមកូនស្រីពីរនាក់និងកូនប្រសារម្នាក់មិនទាន់មានការងារ ធ្វើច្បាស់លាស់ ខ្វះលំនឹង ខំប្រឹងមើលថែម្តាយ ទាំងចិត្តខ្វល់ខ្វាយ មិនដឹងបានលុយមកណា ដើម្បីផ្គត់ផ្គង់គ្រួសារដ៏កំសត់នេះ។

នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដឹកនាំមេបញ្ជាការរង និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប ចុះសួរសុខទុក្ខ លោកស្រី សាន់ ចាន់ផល្លីន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត ព្រមទាំងបាននាំយកផ្លែឈើស្រស់មួយកន្ត្រក ទឹកក្រូច០២កេស ទឹកសុទ្ធ០៤កេស និងថវិកា៥ពាន់ដុល្លារ ដែលបានមកពីការចូលរួមរបស់ឧត្តមសេនីយ៍ឯក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនលោកស្រី ដើម្បីលោះផ្ទះដែល ដាក់បញ្ចាំមកវិញ និងណែនាំកូនៗលោកស្រី ដែលនៅក្មេងខ្ចី មិនទាន់មានលំនឹង ឲ្យខំប្រឹងតស៊ូ រៀនធ្វើការ រកប្រាក់ចំណូលចឹញ្ចឹមជីវិត ចឹញ្ចឹមម្តាយ ដោយលោកឧត្តមសេនីយ៍ឯក សន្យានឹងជួយត្រួសត្រាយផ្លូវឲ្យ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏ថ្លែងទៅកាន់មន្ដ្រីរបស់ខ្លួន រស់នៅត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពជាសំខាន់ កុំជក់បារី កុំផឹកស្រា ឧស្សាហ៍ហាត់ប្រាណ ទោះមិនឈឺអ្វីក៏ដោយ គួរឲ្យគ្រូពេទ្យពិនិត្យសុខភាព ១ឬ២ដងយ៉ាងតិចក្នុងឆ្នាំ កុំចាំទាល់តែឈឺធ្ងន់ទើប ទៅរកពេទ្យ ព្រោះវាអាចធ្វើឲ្យយឺតពេល បណ្តាលឲ្យយើងមានវិប្បដិសារី។

ក្រោយពីសំណេះសំណាលចប់ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដឹងថាគ្រួសារដ៏កំសត់មួយនេះ នៅមានម៉ូតូកញ្ចាស់មួយទៀត ដែលកូនប្រសារគាត់ធ្លាប់រត់ឌុប នៅជាប់ដាក់បញ្ចាំយកលុយមើលម្តាយ ឧត្តមសេនីយ៍ឯក ក៏បានចាត់ចែងទៅលោះយកម៉ូតូមកវិញ តែមិននឹកស្មានថា សកម្មភាពឈឺឆ្អាលរបស់លោក បានធ្វើឲ្យអ្នកទទួលបញ្ជាំម៉ូតូ រំភើបនិងស្ម័គ្រចិត្ត ចូលរួមជាមួយឧត្តមសេនីយ៍ឯក ប្រគល់ម៉ូតូជូនវិញដោយមិនទទួលយកប្រាក់ទាំងដើមទាំងការ ។ ដោយមើលឃើញពីទុក្ខលំបាករបស់លោកស្រី សាន់ ចាន់ផល្លីន យ៉ាងដូច្នេះ លោកនាយករដ្ឋបាលមន្ទីរពេទ្យខ្មែរសូវៀត ក៏បានអះអាងថាចាប់ពីពេលនេះតទៅ នឹងទទួលលោកស្រី ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមិនគិតកម្រៃអ្វីទាំងអស់។

ក្នុងស្ថានភាពពេលនោះ ទាំងកូនទាំងម្តាយ ក្តុកក្តួលរំជួលចិត្ត ស្រក់ទឹកភ្នែកគ្រប់គ្នា ត្បិតមិននឹងស្មានថា ទុក្ខលំបាកដែលពួកគេ ខ្វល់ខ្វាយបំផុត គឺផ្ទះតែមួយគត់ដែលដាក់បញ្ចាំ គិតថាបាត់បង់ទៅហើយ ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាងជួយដោះស្រាយជ្រះស្រឡះមកវិញ។ ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានជួបសួរសុខទុក្ខ អ្នកជម្ងឺ ដែលសម្រាកនៅគ្រែក្បែរ លោកស្រី សាន់ ចាន់ផល្លីន ចំនួន៣នាក់ និងជូនថវិកាពួកគាត់ម្នាក់ៗ១០ម៉ឺនរៀល ព្រមទាំងសួរសុខទុក្ខ អ្នកជំងឺផ្សេងៗទៀត ដែលនៅក្រៅបន្ទប់ ដោយជូនថវិកាពួកគាត់ម្នាក់ៗ៥ម៉ឺនរៀលផងដែរ។

គេសង្កតឃើញថា សកម្មភាពរួមសាមគ្គីបរិច្ចាគធនធានជួយគ្នា ក្នុងគ្រាមានអាសន្ន ដែលឯកឧត្តម រ័ត្ន ស៊្រាង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើនៅពេលនេះ គឺមិនមែនជាលើកទីមួយទេ ជារឿយៗពួកគាត់តែងសម្តែងកាយវិការ ជួយយកអាសារគ្នា ចំពោះមិត្តរួមការងារ ក៏ដូចជាក្រុមគ្រួសារពួកគេគ្រប់គ្នា ដោយមានឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជាគំរូ។

ចំពោះគ្រួសារលោក ស៊ឹម ឡុងហេង ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្លាប់បានជួយជួសជុលផ្ទះ ជួសជុលបង្គន់ និងឧបត្ថម្ភជីវភាពប្រចាំខែ នូវអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល ដល់គាត់ តាំងពីពេលនៅមានជីវិត រហូតបច្ចុប្បន្ន ក៏ឯកឧត្តម នៅតែបន្តជួយឧបត្ថម្ភដដែល ក្រៅពីនេះនៅមានគ្រួសារទីទាលក្រទុរគត ជរា ពិកា ១០គ្រួសារផ្សេងទៀត ដែលឧត្តមសេនីយ៍ឯក បាននិងកំពុងជួយឧបត្ថម្ភជីវភាព នូវអង្ករ ថវិកា និងគ្រឿងឧបត្ថភោគបរិភោគមួយចំនួន តាំងពីឆ្នាំ២០១០មក ទាំងនៅខេត្តបន្ទាយមានជ័យនិងនៅរាជធានីភ្នំពេញ៕