ភ្នំពេញ)៖ ហេតុផលដ៏សមរម្យ និងច្បាស់លាស់សម្រាប់អាមេរិក ដែលគួរតែលុបចោលបំណុល គឺកម្ពុជាបានខ្ចីប្រាក់ពីសហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាម វៀតណាម ដើម្បផ្គត់ផ្គង់អាហារ និងផ្តល់សម្លៀកបំពាក់ដល់ប្រជាពលរដ្ឋដែលភៀសខ្លួន និងរងគ្រោះដោយសារការទម្លាក់គ្រាប់បែកជាច្រើនសន្ធឹកសន្ធាប់ របស់អាមេរិកផ្ទាល់ នេះបើយោងតាមសារព័ត៌មាន The Diplomat ចេញផ្សាយនាពេលថ្មីៗនេះ។

មានការលើកឡើងពីក្រុមអ្នកគាំទ្របក្សប្រឆាំង នៅកម្ពុជាថា តាមរយៈការចំណាយពេលជាច្រើនឆ្នាំ ទៅលើការស៊ើបអង្កេត និងការបង្ហាញអំពីការបំពាន សិទ្ធមនុស្សក្នុងប្រទេសកម្ពុជា។ ស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា នៅតែបន្តរងការរំខាន និងកាន់តែយ៉ាប់យឺនជាលំដាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ នេះទាំងតាមផ្លូវច្បាប់ និងការអនុវត្តន៍ជាក់ស្តែង ខណៈដែលបក្សកាន់អំណាចកំពុងត្រៀមរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ នៅចុងឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិ នៅក្នុងឆ្នាំ២០១៨ខាងមុខ ជាបន្តបន្ទាប់គ្នា។ ក្រុមការពារសិទ្ធមនុស្សមួយចំនួននៅតែបន្តសិ្ថតក្នុងពន្ធនាគារនៅឡើយ ខណៈដែលមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបាននិរទេសទៅក្រៅប្រទេស ដែលជនទាំងអស់នេះសុទ្ធតែជាជនរងគ្រោះរបស់តុលាការនយោបាយ។

ការលើកឡើងបែបនេះ ត្រូវបានសារព័ត៌មានមួយចំនួន បានបដិសេធ និងបង្ហាញហេតុផលចំពោះការលើកឡើងថា ក្តីបារម្ភអំពីបញ្ហាសិទ្ធិមនុស្សកំពុង មានការថយចុះ វាក៏កំពុងទាញអារម្មណ៍ មនុស្សឱ្យនឹកឃើញដល់ប្រវត្តិសាស្ត្រ ដ៏ជូរចត់ដែលលោកខាងលិច បានប្រព្រឹត្តចំពោះប្រទេសកម្ពុជាយ៉ាង ធ្ងន់ធ្ងរផងដែរ។

វាបានសំដៅទៅលើការទម្លាក់គ្រាប់បែកដ៏ច្រើនសន្ធឹកសន្ធាប់ របស់សហរដ្ឋអាមេរិកក្នុងដែនដីប្រទេសកម្ពុជា ក្នុងដើមទសវត្សរ៍ឆ្នាំ១៩៧០ គឺជាសម័យ សង្គ្រាមនៅវៀតណាម ហើយសហរដ្ឋអាមេរិកបានហាមឃាត់ការផ្តល់ជំនួយ និងទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីប្រឆាំងប្រទេសកម្ពុជា ក្នុងទសវត្សរ៍ ឆ្នាំ១៩៨០។ (វាជាពេលដែលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលផ្សេងទៀត បន្តទទួលស្គាល់របបប៉ុលពត ជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា)។

សារព័ត៌មានក៏បានចេញផ្សាយនៅចំណុចផ្សេងៗជាច្រើន របស់រដ្ឋាភិបាលកម្ពុជា ដែលព្យាយាមដកខ្លួនចេញពីមហាអំណាចអាមេរិក ក្នុងនោះមានដូចជា ការលុបចោល, ការធ្វើសមយុទ្ធយោធា និងទាមទារសហរដ្ឋអាមេរិកម្តងហើយម្តងទៀត ឱ្យលុបចោលបំណុល ក្នុងសម័យសង្គ្រាមវៀតណាម ដែលមហាអំណាចមួយនេះនៅតែបន្តទាមទារពីកម្ពុជាមកដល់បច្ចុប្បន្ន។

* បំណុលដ៏កខ្វក់៖
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នេះជា «បំណុលដ៏កខ្វក់» ដែលមានតម្លៃប្រមាណ៦០០លានដុល្លារ ដោយក្នុងនោះបូករួមទាំង ប្រាក់ដើម និងការប្រាក់ ដែលកម្ពុជាធ្លាប់ខ្ចីដើម្បីទិញស្បៀងពីសហរដ្ឋអាមេរិក នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ និងសម្លៀកបំពាក់ដល់ប្រជាពលរដ្ឋដែលបានភៀសខ្លួនដោយសារសង្គ្រាម និងការទម្លាក់គ្រាប់បែក។

មតិមួយចំនួនបានលើកឡើងថា សហរដ្ឋអាមេរិកគួរតែប្រើប្រាស់បំណុលនេះ ជាថ្នូរ នឹងការទាមទារធ្វើកំណែទម្រង់សិទ្ធមនុស្សនៅក្នុងប្រទេស។
ប៉ុន្តែមធ្យោបាយបែបនេះ មិនអាចទទួលបានជោគជ័យឡើយក្នុងពេលកន្លងមក ផ្ទុយទៅវិញ វានឹងធ្វើឱ្យអាមេរិកកាន់តែបាត់បង់ឥទ្ធិពលមកលើកម្ពុជា ស្របពេលដែលចិន បានលើកលែងបំណុលដែលកម្ពុជាជំពាក់ ហើយថែមទាំងផ្តល់ជំនួយបន្ថែមទៀតផង។

ជាងនេះទៅទៀតនោះ វាមិនមែនជាពេលដ៏សាកសមសម្រាប់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ «បំណុលដ៏កខ្វក់នេះ» ដើម្បីទាមទារការធ្វើកំណែទម្រង់សិទ្ធមនុស្សនោះឡើយ ព្រោះវានឹងធ្វើឱ្យអាមេរិកកាន់តែរងការបំផ្លាញកេរិ៍តឈ្មោះរបស់ខ្លួន ក្នុងកែវភ្នែកប្រជាពលរដ្ឋកម្ពុជាថែមមួយកម្រិតទៀត។

តាមពិតទៅបញ្ហាបំណុលក៏កំពុងក្លាយជាឧបសគ្គរារាំងតួនាទីសំខាន់របស់អាមេរិក និងលោកខាងលិច រួមទាំងបណ្តាប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះរួមទាំងការផ្តល់មូលនីធី និងអគារសម្រាប់ឧបត្ថម្ភដល់អង្គការសង្គមស៊ីវិលជាដើម ដែលមានពាក់ព័ន្ធនឹងការជម្រុញ និងការពារសិទ្ធមនុស្ស។

* ដល់ពេលដែលត្រូវលើកលែងបំណុល៖
ហេតុផលដ៏សមរម្យ និងច្បាស់លាស់សម្រាប់អាមេរិកដែលគួរតែលុបចោលបំណុល គឺកម្ពុជាបានខ្ចីប្រាក់ពីសហរដ្ឋអាមេរិក ក្នុងសម័យសង្គ្រាមវៀតណាម ដើម្បផ្គត់ផ្គង់អាហារ និងផ្តល់សម្លៀកបំពាក់ដល់ប្រជាពលរដ្ឋដែលភៀសខ្លួន និងរងគ្រោះដោយសារការទម្លាក់គ្រាប់បែក ជាច្រើនសន្ធឹកសន្ធាប់របស់អាមេរិកផ្ទាល់។

ការទម្លាក់គ្រាប់បែកនេះ បានសម្លាប់មនុស្សជាច្រើននាក់ បំផ្លាញប្រព័ន្ធកសិកម្មកម្ពុជា ដែលមានន័យថា កម្ពុជាមិនអាចបំពេញសេចក្តីត្រូវរបស់ប្រជាពលរដ្ឋ របស់ខ្លួនបាន ហើយមហាអំណាចមួយនេះ ថែមទាំងចូលរួមដោយប្រយោលក្នុងការបង្កើតរបបខ្មែរក្រហម ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ ស្លាប់បន្ថែមទៀតផងដែរ។

យើងក៏មានករណីស្របច្បាប់ដើម្បីប្រឆាំងនឹងបំណុលនេះផងដែរ ហើយដែលកន្លងមកមានអ្នកចាប់អារម្មណ៍តិចតួចប៉ុណ្ណោះនោះគឺកម្ពុជាខ្ចីប្រាក់អាមេរិក ក្នុងស្ថានភាពភាពច្របូលច្របល់បំផុត ដែលធ្វើឱ្យរឿងនេះមិនយុត្តិធម៌ទាល់តែសោះ ក្នុងការដាក់បំណុលនេះ ក្រោមអំណាចនៃច្បាប់អន្តរជាតិ។

ក្នុងទស្សនៈរបស់មជ្ឈដ្ឋានទូទៅយល់ឃើញថា សហរដ្ឋអាមេរិក គួរតែដាក់ព្រំដែនលើបញ្ហានេះក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនហើយបង្ហាញភាពក្នុងនាម ជាអ្នកដឹកនំា ដោយការលើកលែងបំណុលរបស់កម្ពុជា ដូចអ្វីដែលខ្លួនធ្លាប់បានធ្វើចំពោះអ៊ីរ៉ាក់ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ មានការផ្តល់យោបល់ថា អាមេរិកគួរតែងាកទៅពិនិត្យបញ្ហាសិទ្ធមនុស្សនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ដោយប្រើប្រាស់ប្រាក់សំណង ទាំងនោះមកជាការបង្កើតមូលនីធិរយៈពេលវែងដើម្បីគាំទ្រសកម្មជនការពារសិទ្ធមនុស្ស និងពង្រីកអង្គការសង្គមស៊ីវិល របស់កម្ពុជា ទើបជារឿងប្រសើរជាង។

សូមជំរាបថា បើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានរៀបរាប់ថា សង្គ្រាមវៀតណាម-អាមេរិក​ បានចាប់ផ្តើមនៅថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ១៩៥៥​ ដល់ឆ្នាំ១៩៧៥​ សង្គ្រាមនេះ បានរាលដាលចូលមកកម្ពុជា​ ចាប់ផ្តើមឆ្នាំ១៩៦២​ ដោយសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក និងរហូតដល់ធ្វើរដ្ឋប្រហារ យោធាទំលាក់ សម្តេចព្រះនរោត្តម សីហនុ​ នៅថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ១៩៧០​។​ ក្រោយរដ្ឋប្រហារកំលាំងយោធារបបលោក​ លន់​ នល់ មានការគាំទ្រ កាន់តែខ្លាំងក្លា និងចំហរពីសហរដ្ឋអាមេរិក ​ដោយធ្វើការទំលាក់គ្រាប់បែក រាប់លានតោន​ រួមមានគ្រាប់បែកតូច-ធំ​ គ្រាប់បែកចង្កោម​ (ជាង៣០លានគ្រាប់)​ និងគ្រាប់បែកគីមីផងដែរ។​ ចលនាសង្គ្រាមសម្លាប់រង្គាលនេះ​ បានជួយរុញច្រានឲ្យកើតមានរបបប្រល័យពូជសាសន៍ ខែ្មរក្រហមនៅកម្ពុជា​។

សង្គ្រាមជាង១០ឆ្នាំនេះ​ (១៩៦២-៧៥)​ បានបង្កនូវទុក្ខវេទនា មហាធ្ងន់ធ្ងរលើប្រជាជនកម្ពុជា​ និងបន្តចូលរបបប្រល័យពូជសាសន៍ខែ្មរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃទៀត​ ធ្វើឲ្យប្រជាជនកម្ពុជាជាង២លានបានស្លាប់​។​ សង្គ្រាមមិនអាចរលត់បានឡើយ នៅឆ្នាំ១៩៧៩ បានបន្តសង្គ្រាមស៉ីវិល ជាង២០ឆ្នាំទៀត​ ពោលរហូតដល់ចុងឆ្នាំ១៩៩៨ ទើបបានបញ្ចប់។​ មានន័យថាកម្ពុជា ទើបមានសុខសន្តិភាពពេញលេញតែប្រមាណជិត២០ឆ្នាំប៉ុណ្ណោះ​ ក្រោយពីមានសង្គ្រាមជាង៣៥ឆ្នាំ។ ​

អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕