(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ រួមនិងមន្រ្តីក្រុមការងារមួយចំនួនទៀត ក្នុងរយៈពេល៤ថ្ងៃនេះ បានចុះទៅសំណេះសំណាល សួរសុខទុក្ខ និងចែកថវិកាជូនប្រជាពលរដ្ឋ ចំនួន៣លាន៤សែន៤ម៉ឺនរៀល ដើម្បីជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗចំនួន៣០៧គ្រួសារ និង ដើម្បីជាចំណងដៃអនុស្សាវរីយ៍ រវាងថ្នាក់ដឹកនាំ និងពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានោះដែរ លោក ជា ពិសី បានប្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាច្រើនគ្រួសារថា សូមជួយផ្ដល់សេចក្ដីទុកចិត្ត​ជូនបេក្ខភាព ចៅសង្កាត់ ហើយសូមកុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផង «ពោលនៅសល់តែជាង៣០ថ្ងៃទៀត​ប៉ុណ្ណោះ គឺជាថ្ងៃ បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ»

ការសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ តាមខ្នងផ្ទះ ជាបន្តបន្ទាប់ លោក ជា ពិសី បានថ្លែងថា «សូមជួយផ្ដល់ សេចក្ដីទុកចិត្ត ដល់លោកចៅសង្កាត់ផង» ពិសេស «សូមកុំខឹងគោវាយរទេះ» បើខឹងអ្នកណាស្ដីបន្ទោសឲ្យអ្នកនោះទៅ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ រហូតមកដល់រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោកអភិបាលខណ្ឌ បានបន្តដឹកនាំមន្ត្រី ចុះទៅសំណេះសំណាល សួរសុខទុក្ខ និងចែកថវិកាជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះចំនួន៣០៧ គ្រួសារ នៅ៥សង្កាត់ ក្នុងមូលដ្ឋាន ស្មើនិង៥ភូមិដូចជាភូមិ១ ភូមិស្វាយប៉ាក ភូមិសាមគ្គី ភូមិបឹងឈូក និងភូមិចុងខ្សាច់។

ក្នុងដំណើរចុះសួរសុខទុក្ខ និងចែកថវិកាខាងលើនេះ ក៏មានការចូលរួមពី បេក្ខភាពចូលរួមដំណើរ ពីលោក ហ៊ុយ ម៉ូរ៉ា ចៅសង្កាត់ ច្រាំងចំរេះទី១ ចៅសង្កាត់ស្វាយប៉ាក លោក ហ៊ូ សាម៉ន ចៅសង្កាត់ឫស្សីកែវ លោក មូល វិរៈ និងមេភូមិ រួមនិងលោក-លោកស្រី ជាសមាជិក សមាជិកា និងក្រុមមយុវជនជាច្រើននាក់ផងដែរ៕