(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរវប្បធម៌ និងភាសា (Cultural and Language Exchange Program) នៃនិស្សិត សាកលវិទ្យាល័យ បានសម្តេចចាវប្រ៉ាយ៉ារ៉ាឆាផាត  (BSRU)មកកាន់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) បានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី០២ ខែឧសភា នេះក្រោមអធីបតីភាព លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃPPIU។

ចាប់ពីថ្ងៃទី៣០ ខែមេសា ទល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ខាងមុខ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) មានការរៀបចំទទួលនិស្សិត មកពីសាកលវិទ្យាល័យ បានសម្តេចចាវប្រ៉ាយ៉ារ៉ាឆាផាត ចំនួន២០នាក់ និងសាស្ត្រាចារ្យ២នាក់ មកធ្វើទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU)  ដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា វប្បធម៌ និងភាសា និងជាពិសេសទៀតនោះ គឺការរៀនរស់នៅ របស់និស្សិត នៃសាកលវិទ្យាល័យទាំងពីរ ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាពេលបច្ចុប្បន្ន ។

និស្សិត BSRU ចំនួន២០នាក់ នឹងសិក្សាភាសាខ្មែរ ភាសាអង់គ្លេស សិក្សារបាំប្រពៃណីខ្មែរនៅ PPIU រយៈពេលពីរសប្តាហ៍ និងមានគម្រោងទៅធ្វើទស្សនកិច្ចប្រាសាទអង្គរវត្ត ខេត្តសៀមរាបផងដែរ ។  

សាកលវិទ្យាល័យ បានសម្តេចចាវប្រ៉ាយ៉ារ៉ាឆាផាត ជាសាកលវិទ្យាល័យដៃគូ ដែលបានចុះអនុស្សារណៈយោគយល់ជាមួយPPIU ចាប់តាំងពីដើមឆ្នាំ២០១១មកម៉្លេះ    និងបានអនុវត្តសកម្មភាពជាច្រើន ប្រកបដោយលទ្ធផលជាវិជ្ជមាន ។ នេះជាឆ្នាំទី៧ហើយ ដែលBSRU បានបញ្ជូនសាស្ត្រាចារ្យ គ្រូ និងនិស្សិតមកកាន់ PPIU ។  

គួររំលឹកថា កិច្ចសហប្រតិបត្តិការផ្តោតសំខាន់លើការងារដូចខាងក្រោម៖

* ការផ្លាស់ប្តូរកម្មសិក្សារបស់និស្សិត សាស្រ្តាចារ្យ លើការងារសិក្សានិងសកម្មភាពវប្បធម៌។ល។

*កិច្ចសហការក្នុងការងារស្រាវជ្រាវ និងបោះពុម្ព

*ការរៀបចំ និងចូលរួមក្នុងសន្និសិទ/សិក្ខាសាលានានា ដែលផ្តល់ប្រយោជន៍ដល់ការសិក្សា និងស្រាវជ្រាវ៕