(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យលោកវរសេនីឯក PABLOM LORENZO អនុព័ន្ធហ្វីលីពីនដែលទើបបញ្ចប់អាណត្តិបេសកម្មការទូតនៅប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា និងពិភាក្សាជាមួយលោកវរសេនីយ៍ឯក JOSELJ ZUNIGA PAF (GSC) អនុព័ន្ធយោធាហ្វីលីពីន ដែលទទួលតំណែងថ្មី ។

ក្នុងឱកាសនោះលោកវរសេនីយ៍ឯក PABLO M LORENZO បានសម្តែងមនោសញ្ចេតនា និងរាយការណ៍អំពីបេសកម្មការងារ ការទូតរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពហ្វីលីពីន ក្នុងរយៈពេលដែលលោកបានបំពេញ បេសកកម្មចំនួន៣ឆ្នាំ និង៣ខែ នៅកម្ពុជា បានល្អប្រសើរ និងមានការគាំទ្រពីលោកអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាហេតុធ្វើឲ្យបេសកកម្មយោធាការទូតរបស់លោក ទទួលបានជោគជ័យ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឲ្យដឹងថា «ក្នុងនាមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមសម្តែងនូវការកោតសរសើរ អំពីស្នាដៃ នៃកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ ប្រទេសទាំងពីរ ដែលបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក»។

ក្នុងនោះការជួបពិភាក្សារវាងថ្នាក់ដឹកនាំកងទ័ព នៃប្រទេសទាំងពីរ បានធ្វើឲ្យមានកិច្ចសហការគ្នាកាន់តែច្រើនថែមទៀតនៅពេល ខាងមុខក្នុងនោះ លោកជុំរុញឲ្យមាន កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ លើការបណ្តុះបណ្តាលធនធានមនុស្ស ។

លោកក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលហ្វីលីពីនដែលកំពុងមមាញឹកក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ និងខួបអនុស្សាវរីយ៍ ទី៥០ នៃការបង្កើតសមាគមន៍ប្រជាជាតិអាស៊ាន ( 30th ASEAN Summit tops ) កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ព អាស៊ាន (ACDFIM) ដែលក្នុងកិច្ចប្រជុំនេះលោកនឹងត្រូវទៅចូលរួមផងដែរ៕