(ភ្នំពេញ)៖ ថ្លែងក្នុង​ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្ដិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំនួន១៣រូប, សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង សង្កត់ធ្ងន់ថា ការប្រគល់នេះដែរ ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ការលើកទឹកចិត្ត ផ្ដល់កិត្តិយស និងផ្ដល់តម្លៃតបស្នងឲ្យបានស័ក្ដិសម ចំពោះថ្នាក់ដឹកនាំ ដែលមានសមត្ថភាព បទពិសោធន៍កាងារ និងស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ច និងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ លើវិស័យសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ អស់រយៈកាលជិត៤០ឆ្នាំ កន្លងមកនេះ។

សម្ដេចបន្ថែមថា «ការបង្កើតឲ្យមានព្រឹត្តិការណ៍នេះ គឺជាចំណុចចាប់ផ្ដើមមួយ និងជាបទពិសោធន៍ដ៏ល្អមួយ សម្រាប់ជាគំរូនៃផ្ដល់ការលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ ដែលមានស្នាដៃឆ្នើម និងមានគុណសម្បត្តិចំពោះជាតិ និងមាតុភូមិជាទីសេ្នហារបស់យើង»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាការឆ្លើយតប នាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងបណ្ឌិតកិត្តិយសជ័យលាភទាំង១៣រូប បានថ្លែងអំណរគុណ និងក្ដីរំភើបសប្បាយរីករាយ ក្នុងការទទួលយក «សញ្ញាបណ្ឌិតកិត្តិយស» និងគោរមងារ «សន្ដិបណ្ឌិត» នេះ ព្រោះទាំងសញ្ញាបត្រ ទាំងគោរមងារ សុទ្ធតែមានអត្ថន័យយ៉ាងជ្រាលជ្រៅច្បាស់លាស់ និងឆ្លុះបញ្ជាំងអំពីបេសកកម្ម ភារកិច្ចទទួលខុសត្រូវ និងបទពិសោធន៍ការងារ ដែលបេក្ខជនជ័យលាភីទាំង១៣រូប បានបំពេញ និងបានឆ្លងកាត់ជិត៤០ឆ្នាំកន្លងមកនេះ។

សូមបញ្ជាក់ថា​ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយស» និងគោរមងារ​ «សន្ដិបណ្ឌិត» ទាំង១៣រូបនោះ រួមមាន៖

ទី១៖ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី២៖ នាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៣៖ នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៤៖ នាយឧត្តមសេនីយ៍ ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៥​៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ទី៦៖ នាយឧត្តមសេនីយ៍ លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៧៖ លោក ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៨៖ លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៩៖ នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយដ្ឋាន​​ ភស្ដុភារ និងហិរញ្ញវត្ថុ
ទី១០៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍
ទី១១៖ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ទី១២៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយខុទ្ទកាល័យសម្ដេចក្រឡាហោម
ទី១៣៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ៕