(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនមានវិធានការជាក់លាក់ផ្លូវច្បាប់ ចំពោះម្ចាស់អង្គភាពសារព័ត៌មានលើប្រព័ន្ធអនឡាញ (រាប់ទាំងបណ្ដាញសង្គម Fecebook) ដូចម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍នោះឡើយ ពាក់ព័ន្ធនឹងគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយឃោសនាពី គោលនយោបាយបក្សរបស់ពួកគេ នៅពេលឃោសនាបោះឆ្នោតខាងមុខ។

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាមួយគ្នានេះ គ.ជ.ប ក៏បានចេញសេចក្ដីប្រកាសស្ដីពី «គោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ ផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោត» រួចមកហើយដែរ។

ក្នុងកិច្ចប្រជុំជាមួយតំណាងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន នៅទីស្ដីស្នាក់ការ គ.ជ.ប នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ក្នុងគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយឃោសនាពី គោលនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោតនោះ គ.ជ.ប មិនបានសង្កត់ធ្ងន់ទៅលើអង្គភាពសារព័ត៌មានលើប្រព័ន្ធអនឡាញនោះទេ តែ គ.ជ.ប គ្រាន់តែរំឭកឲ្យអង្គភាពសារព័ត៌មានទាំងនោះ ត្រូវយកចិត្តទុកដាក់ពីវិជ្ជាជីវៈសារព័ត៌មានទូទៅ និងធ្វើការផ្សព្វផ្សាយពីគោលនយោបាយគណបក្ស ឲ្យបានសមស្រប និងស្មើភាពគ្នាសម្រាប់គណបក្សនយោបាយនីមួយៗ ក្នុងនាមខ្លួនជាអាជ្ញាកណ្ដាល។

លោក ទេព នីថា ថ្លែងយ៉ាងដូច្នេះថា «អ្វីដែលយើងកំណត់ជាគោលការណ៍សំខាន់ ក្នុងការដោះស្រាយបញ្ហា បង្ការបញ្ហានេះ គឺការអប់រំ»

អគ្គលេខាធិការរូបនេះ ទទួលស្គាល់ថា ការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook គ.ជ.ប ពិបាកទប់ស្កាត់ណាស់ ព្រោះប្រព័ន្ធទំនាក់ទំនងនេះ ធំទូលាយហួសដែនសមត្ថកិច្ចរបស់ គ.ជ.ប ប៉ុន្តែ គ.ជ.ប ក៏បានអំពាវនាវតាម Page Facebook របស់ខ្លួនវិញដែរ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ចូលរួមសហការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងស្របតាមនីតិវិធី ធ្វើយ៉ាងណាដើម្បីជំរុញឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានសុខសន្តិភាព។

ទោះយ៉ាងណា ដើម្បីបង្ការបញ្ហានានា ដែលកើតចេញពីការប្រព្រឹត្តខុសនឹងបទបញ្ជា និងនីតិវិធីនៃគោលការណ៍នេះ គ.ជ.ប បានរៀបចំយន្តការដោះស្រាយ និងសម្របសម្រួលពី ថ្នាក់ក្រោមរហូតដល់ថ្នាក់លើយ៉ាងជាក់លាក់ រួមមាន៖ ទី១.គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជាអ្នកសម្របសម្រួលការឃោសនា និងតាមដានសកម្មភាពរបស់គណបក្សនយោបាយ នៅមូលដ្ឋានឃុំ-សង្កាត់, ទី២.គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ជាសម្របសម្រួល និងត្រួតពិនិត្យពីលើគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បន្ថែមទៀត។ ម្យ៉ាងទៀត នៅទីស្នាក់ការ គ.ជ.ប ផ្ទាល់ ក៏មានក្រុមការងារតាមដានប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងវិទ្យុ និងទូរទស្សន៍ផងដែរ។

សូមជម្រាបថា គ.ជ.ប បានកំណត់បទបញ្ជា និងនីតិវិធី ក្នុងគោលការផ្សព្វផ្សាយនេះរួចហើយថា គ្រប់ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ដែលលក់ ឬជួលម៉ោងផ្សាយ ឲ្យគណបក្សនយោបាយឃោសនាពី គោនយោបាយបក្សរបស់ពួកគេ ត្រូវប្រកាន់នូវគោលការណ៍ស្មើភាពគ្នា ទាំងម៉ោងផ្សាយ និងតម្លៃលក់ ឬជួលផ្សាយ៕