(បន្ទាយមានជ័យ)៖ ពិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហម មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» បានប្រារព្វធ្វើឡើង នៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុង អឿន អភិបាលខេត្តលោក សួន បវរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ ដោយ ប្រមូលថវិកាបានប្រមាណ ៩១៥៨៩ដុល្លារអាមេរិក (តួលេខបណ្តោះអាសន្ន)។

ថ្លែងនាឱកាសនោះលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានថ្លែងការកោតសរសើរ ចំពោះសកម្មភាពរបស់សាខាកាកបាទ​ក្រហម ខេត្តបន្ទាយមានជ័យ ដែលរយៈពេលកន្លងមក តែងចុះជួយបាន​ទាន់ពេលវេលា នូវរាល់បញ្ហា និងភាពប្រឈមនានារបស់ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចមានក្នុងរបាយការណ៍ស្រាប់។ ជាពិសេសលោកស្រី បានសង្កត់ធ្ងន់ ទៅលើការដឹកនាំ​ដ៏វៀងវៃ ប្រកបដោយគតិបណ្ឌិត និងសន្តានចិត្តមុតស្រួច របស់សម្តេចកិត្តិបណ្ឌិត ប្រធានកាកបាទក្រហមជាតិ​កម្ពុជា រយៈពេល​០៦​អណត្តិកន្លងមក ដែលធ្វើឲ្យមជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ទទួលស្គាល់ តាមរយៈសកម្មភាពមនុស្សធម៌ ទៀងត្រង់ ស្របតាមគោល​ការណ៍គ្រឹះទាំង​០៧​យ៉ា​ង ​គឺ​សកលភាព-ឯកភាព-សេវាកម្ម​ស្ម័គ្រចិត្ត-ឯករាជ្យភាព-ភាពមនុស្សធម៌-ភាពមិនលំអៀង-និងអព្យាក្រឹតភាព។

លោកស្រី បានបញ្ជាក់បន្ថែមថា ថវិកាចូលរួមឧបត្ថម្ភរបស់សប្បុរសជនទាំងអស់ គឺពិតជាបានចូលរួមធ្វើបុណ្យធំណាស់ បើគិតតាមផ្លូវព្រះពុទ្ធសាសនា ពីព្រោះថវិកា ដែលយើងគ្រប់គ្នាបានឧបត្ថម្ភនេះ ត្រូវបានកាកបាទក្រហមជាតិកម្ពុជា ដឹកនាំដោយសម្តេចកិត្តិបណ្ឌិត ចុះធ្វើសកម្មភាពជួយ​នៅគ្រប់ទីកន្លែង និងជាច្រើនមុខសញ្ញា រួមមានៈ ជនក្រីក្រ-ជនរងគ្រោះ និងជនងាយរងគ្រោះ-​ប្រជាពលរដ្ឋរងគ្រោះ​ ដោយគ្រោះធម្មជាតិ-កុមារកំព្រា គរថ្លង់ កុមារខ្សោយសតិបញ្ញា និងជនចាស់ជរាគ្មាន​ទីពឹងជាដើម។

ជាពិសេសកាកបាទក្រហមបានឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលកុមារ ទូទាំងប្រទេសដោយឥតគិតថ្លៃ ក្នុងមួយឆ្នាំ ចំនួន​១លានដុល្លារអាមេរិក ដែលនេះជាបុណ្យកុសលធំណាស់ ស្របពេលដែល​មន្ទីរពេទ្យកុមារមួយនេះ ត្រូវការជំនួយជាចាំបាច់ពីសប្បុរសជន​នានា។

ជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើដល់អាជ្ញាធរខេត្ត ត្រូវតែបង្កើនយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ៕