(ភ្នំពេញ)៖ បេសកជននៃអ្នកប្រជាធិបតេយ្យ និយមកណ្តាល ដែលតំណាងឲ្យទ្វីប៤ រួមមាន អាមេរិកឡាទីន អឺរ៉ុប អាហ្រ្វិក និងតំបន់អាស៊ី នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងថា កម្ពុជាមិនឯកាដូចអ្វីដែលក្រុមអ្នកប្រឆាំងបាន​ឃោសនានោះទេ។ នេះបើតាមការបញ្ជាក់របស់ លោក សួស យ៉ារ៉ា តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

ក្រុមអ្នកប្រជាធិបតេយ្យនិយមកណ្តាលទាំងនោះ បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលពួកគេ បានជួបសម្តែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

លោក សួស យ៉ារ៉ា បានថ្លែងក្រុមអ្នកព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាង លោក Cesar Rosello បេសកជននៃអ្នកប្រជាធិបតេយ្យ និយមកណ្តាល តំណាងឲ្យទ្វីបទាំង៤ យ៉ាងដូច្នេះថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតនូវមិត្តភាពជាមួយបណ្តាលប្រទេសនៅលើពិភពលោកទាំងមូល ហើយគ្រប់ទ្វីបទាំងអស់ គេរីករាយចំពោះសុខសន្តិភាព និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោកបញ្ជាក់ថា នៅក្នុងជំនួបនោះ លោក ស៊ីហ្សា រ៉ូសេឡូ (លោក Cesar Rosello) បញ្ជាក់ថា «ពិភពលោកទាំងមូលនៅជាមួយកម្ពុជា ពិភពលោកចង់ឃើញប្រជាធិបតេយ្យនៅកម្ពុជា ចង់ឃើញកម្ពុជាមានម្ចាស់ការលើខ្លួនឯង»។ លោក ស៊ីហ្សា រ៉ូសេឡូ បានបន្តថា សមិទ្ធផលកន្លងមកដែលកម្ពុជាទទួលបានជាចំណុចពិសេសដែលកម្ពុជា បាននាំមុខគេនៅក្នុងការធ្វើ ឲ្យបានជោគជ័យការអភិវឌ្ឍគោលដៅសហវត្សដែលអង្គការសហប្រជាជាតិបានដាក់ឡើង ហើយកម្ពុជាក៏នឹងឈានមុខគេមួយទៀតក្នុងការអនុវត្តនូវគោលការណ៍ថ្មីមួយទៀតរបស់អង្គការសហប្រជាជាតិថាការអភិវឌ្ឍប្រកបដោយចិរភាពនេះចំណុចមួយសំខាន់ទាំងរដ្ឋសភា ព្រឹទ្ធសភាទាំងរាជរដ្ឋាភិបាលដែលកម្ពុជាទទួលបានប្រកបដោយលទ្ធិប្រជាធិបតេយ្យ។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថា តំណាងបេសកម្មនិយមកណ្តាលបន្តថា «គេនឹងចុះមកមើលដំណើរការ បោះឆ្នោតឃុំ-សង្កាត់ របស់យើងនៅខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដែលមានគណៈប្រតិភូ ដឹកនាំដោយប្រធានអ្នក ប្រជាធិបតេយ្យនិយមកណ្តាល មកមើលដោយផ្ទាល់អំពីដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា»