(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» ជូនមន្ត្រីរាជការចំនួន១៣៨នាក់ នៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួង ស្ថាប័នចំនួន១១ ដែលអនុវត្តថវិកាកម្មវិធីពេញលេញ សាកល្បងនៅឆ្នាំ២០១៧ ក្នុងគោលដៅដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ពិធីបើកវគ្គបណ្តុះបណ្តាលខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រោមកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និងអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយវគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅសម្រាប់ រយៈពេល៤ ថ្ងៃគឺពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះលោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទី៣ នៃការអនុវត្តថវិកាកម្មវិធីពេញលេញ សាកល្បង និងអង្គភាពថវិកានៅកម្ពុជា ហើយនៅឆ្នាំ២០១៧នេះ មានក្រសួងស្ថាប័នចំនួន៣៦ រួមនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ត្រូវចូលរួមអនុវត្តថវិកា កម្មវិធីពេញលេញសាកល្បង ហើយនៅឆ្នាំ២០១៨ខាងមុខ នឹងមានក្រសួង ស្ថាប័នធំៗចំនួន៣ចុងក្រោយ ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ដែលធ្វើឲ្យក្រសួងស្ថាប័ន ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីត្រូវកើនដល់ ៣៩ នៅពេលនោះ។

ទន្ទឹមនេះលោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានមកដល់ចំណុច​របត់ដ៏សំខាន់មួយ ដែលមានវិសាលភាពកាន់តែធំទូលាយ និងស្មុគស្មាញជាងមុន ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនឆន្ទៈនៃភាពជាម្ចាស់ និងការចូលរួមអនុវត្តឲ្យកាន់តែខ្លាំងក្លាជាងមុនថែមទៀត។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យគ្រប់ដំណាក់កាលនៃការអនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ជាក់ស្តែង ក្នុងឆ្នាំ២០១៦ កន្លងទៅមានវគ្គបណ្តុះ បណ្តាល៤៤វគ្គ ត្រូវបានរៀបចំឡើង ហើយមានមន្រ្តីរាជការ និងថ្នាក់ដឹកនាំជំនាញ និងថ្នាក់ដឹកនាំជាន់ខ្ពស់សរុបចំនួន៣៥៣០នាក់ បានចូលរួមទទួលការបណ្តុះបណ្តាល បង្កើនចំណេះដឹង និងដកស្រង់បទពិសោធន៍ ទាំងក្នុងប្រទេស និង ក្រៅប្រទេស។

លើសពីនេះដើមឆ្នាំ២០១៧នេះ មានវគ្គបណ្តុះបណ្តាលកម្រិតជំនាញចាំបាច់ សម្រាប់អនុវត្តថវិកាកម្មវិធី និងការលើកកម្ពស់ភាពជាអ្នកដឹកនាំ ក្នុងវិស័យសាធារណៈ និងបណ្តុះឆន្ទៈក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ចំនួន៦វគ្គ រួចមកហើយ ត្រូវបានសហការរៀបចំឡើង ដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នបណ្តុះបណ្តាលជាតិ និងអន្តរជាតិ ជូនមន្រ្តីរាជការ និងថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័នសម្រាប់អនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និងមានសិក្ខាកាមសរុបប្រមាណ៦០០ នាក់ បានចូលរួមសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍។

លោកបណ្ឌិតរដ្ឋលេខាធិការបានគូសបញ្ចាក់ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារៈសំខាន់ និងត្រូវបានរៀបចំឡើងទាន់ពេលវេលា សម្រាប់ចូលរួមចំណែកដល់ការបង្កើនចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និងការយល់ដឹងជូនដល់មន្រ្តីរាជការរបស់ក្រសួង ស្ថាប័ន ចំនួន១១ ដែលអនុវត្តថវិកាកម្មវិធីពេញលេញ​សាកល្បងនៅឆ្នាំ២០១៧ ឲ្យប្រព្រឹត្តទៅមានតម្លាភាព, គណ-នេយ្យភាព, សន្សំសំចៃ និងទាន់ពេលវេលា ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ ឆ្លើយតបតម្រូវការនៃការអនុវត្តគោលនយោបាយ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព។

ជាមួយនេះ លោកបណ្ឌិត រដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ត្រងត្រាប់​ស្តាប់នូវគ្រប់បទឧទ្ទេសនាម របស់គ្រូឧទ្ទេស និងវាគ្មិននៃវគ្គបណ្តុះបណ្តាល ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ, គំនិតយោបល់ និង បទពិសោធន៍ ឲ្យបានសកម្មផុលផុស ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះពិតប្រាកដ សម្រាប់យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់កន្លែងការងារ នៅតាមអង្គភាពរៀងៗខ្លួនវិញ។

លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និងអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការក្នុងការ​រៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ សម្រាប់រួមចំណែកដល់ការពង្រឹង ពង្រីកសមត្ថភាពជូនមន្រ្តីរាជការ​របស់ក្រសួងស្ថាប័ន ដើម្បីបំពេញតួនាទី ភារកិច្ច ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពិសេស ដើម្បីចូលរួមចំណែកអនុវត្​តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕