(កំពង់ស្ពឺ)៖ ក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានសហការគ្នា ដោយប្រមូលបានថវិកាមួយចំនួន សម្រាប់កសាងផ្លូវខ្សែតភ្ជាប់ ពីភូមិរាំងទេ មកជាប់និងភូមិរូង ដែលការផ្តល់ជូននេះ នឹងចាប់ផ្តើមស្ថាបនា នៅសប្តាហ៍ក្រោយ។

ការប្រកាសនេះរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឧដុង្គ បានធ្វើឡើងខណៈ ជួបសំណេះសំណាល ជាមួយសមាជិកបក្ស នៅភូមិរាំងទេ ឃុំ យុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលចូលរួមដោយ លី សុន ប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ លោក អ៊ុក កោសា អនុប្រធានចុះជួយស្រុក ជាប្រធានក្រុមបក្សចុះជួយឃុំយុទ្ធសាមគ្គី នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន បានលើកឡើង នៅក្នុងពិធីសំណេះសំណាល នោះថា គណបក្សប្រជាជនបានខិតខំគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យប្រជាជនទទួលបានផលប្រយោជន៍គ្រប់ទិសទី ទាំងការងារ ការពារសន្តិសុខ ការអភិវឌ្ឍន៍ និងការសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធ តាំងពីមូលដ្ឋានរហូតដល់ទីក្រុង ក្នុងបំណងតែម៉្យាងគឺឲ្យពលរដ្ឋមានសុខដុមរមនា ប្រកបដោយ សេចក្តីសុខសន្តិភាព និងការអភិវឌ្ឍន៍។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា នៅថ្ងៃនេះ ក្រុមការងារគណបក្សប្រជាជន ក្រុមការងារខាងលើនេះ ក៏បានជួយឧបត្ថម្ភ របងសាលាមតេយ្យ និងរោងបុណ្យភូមិ ថវិកា កាត់សម្លៀកបំពាក់ប្រជាការពារ និង សមាជិកបក្សទាំងអស់ សរុប ៤,៥០០,០០០រៀល៕