(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួនជនជាតិរុស្ស៊ី២នាក់ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលប្រព្រឹត្តទៅនៅក្រុមទី១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នាយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧។

នៅព្រឹកថ្ងៃទី២ ខែឧសភានេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ KOLDINCEV BORIS ភេទប្រុស អាយុ៤៣ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ PETRIKEEVA DIANA ភេទស្រីអាយុ៣១ឆ្នាំ ពួកគេទាំង២នាក់រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បន្ទាប់ពីចាប់ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលរបស់លោក បានដកហូតកញ្ចាក្រៀម ជាង២គីឡូក្រាម ទូរស័ព្ទដៃ២គ្រឿង ជញ្ជីងថ្លឹងចំនួន២គ្រឿង កាមេរ៉ាថតរូប១ និងដបសម្រាប់ជក់ចំនួន២ដប។ សម្រាប់ជនសង្ស័យទាំង២នាក់ កំពុងស្ថិតនៅក្រោមការសួរនាំរបស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត៕